(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានព្រមាន ទីក្រុងវ៉ាស៊ីនតោនថា «កុំមករញ៉េរញៃជាមួយ នឹងពួកយើង» បើពុំដូច្នោះអ្នកនឹងបានភ្លក្សការវាយប្រហារដ៏ខ្លំាងខ្លាបំផុត ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកវិធីសាស្ត្រ ដាក់សម្ពាធបន្ថែមប្រឆាំងនឹង ទីក្រុងព្យុងយ៉ាងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
ប្រឈមមុខនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាច្រើនដងថា គោលនយោបាយអត់ធ្មត់ជាមួយកូរ៉េខាងជើង បានឈានដល់ទីបញ្ចប់ ហើយថាសហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់កម្លាំងយោធានៅក្នុងករណីចាំបាច់។ ប៉ុន្តែទន្ទឹមគ្នានោះ កូរ៉េខាងជើងក៏បានព្រមានដែរថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្រ្គាមនុយក្លេអ៊ែរ តាមដែលអាមេរិកត្រូវការ។ ក្រោយៗមកទៀត អាមេរិកបានបន្ធូរបន្ថយពាក្យគំរាមរបស់ខ្លួន ដោយអះអាងថា ចង់បានសន្តិភាពនៅឧបទ្វីប ហើយចិនត្រូវបានអំពាវនាវឲ្យចូលរួមយ៉ាងសកម្មក្នុងរឿងនេះ។
ដោយឡែកថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងពិនិត្យឡើងវិញ លើស្ថានភាពទំាងអស់របស់កូរ៉េខាងជើង រួមទំាងការបញ្ចូលទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករ ក៏ដូចជាការស្វែងរកវិធីសាស្ត្រដាក់សម្ពាធបន្ថែមលើព្យុងយ៉ាង ឱ្យងាកមករកតុចរចាជាមួយយើង ដែលនឹងមិនមែនដូចកិច្ចចរចាមុនៗនោះទេ»។
គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ន កូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅតែស្ថិតនៅក្នុងស្ថានភាពប្រកាសសង្រ្គាមជានិច្ច ពីព្រោះក្រោយសង្រ្គាមកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣ ប្រទេសជាបងប្អូនបង្កើតទំាងពីរ បានចុះហត្ថលេខាត្រឹមតែកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ ក៏ប៉ុន្តែយ៉ាងណា លទ្ធភាពនៃការបំផ្ទុះសង្រ្គាម ជាមួយកូរ៉េខាងជើង ពិបាកនឹងអាចទៅរួចណាស់ ត្បិតពេលនេះគេមើលឃើញថា លោក ដូណាល់ ត្រាំ ក៏មិនខុសគ្នាទៅនឹងប្រធានាធិបតីអាមេរិកមុនៗដែរ គឺនៅតែត្រូវការជំនួយពីចិន ដើម្បីដោះស្រាយ ជាមួយកូរ៉េខាងជើង៕