(វ៉ាស៊ីនតោន)៖ ​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​លោក ​រិច ​ធី​ល្លឺ​សុន ​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី ​ដែល​អាមេរិក​​កំពុង​គិតគូរ​ធ្វើ ​នោះ​គឺ​ការ​គ្រោង​ដាក់​កូរ៉េខាងជើង ​ចូល​ទៅ​ក្នុង​បញ្ជី​នៃ​រដ្ឋ​គាំទ្រ​ក្រុម​ភេរវ​ករ​ឡើងវិញ ​ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង ​ចូលរួម​កិច្ចចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ​ដែល​នឹង​ក្លាយជា​ការ​បោះ​​ជំហាន​មួយ ​ខុសប្លែក​ពី​កិច្ច​ចរ​ចា​មុន​ៗ​។ ​នេះ​បើ​តាម​ការ​ចេញ​​ផ្សាយ​ដោយ​ទីភ្នាក់ងារ​​ព័ត៌មាន​ចិន​ស៊ិន​ហួរ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី២០ ​ខែមេសា ​ឆ្នាំ២០១៧​។

ថ្លែង​នៅក្នុង​សន្និសីទ​​សារព័ត៌មាន​មួយ​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក ​ធី​ល្លឺ​សុន ​បាន​បញ្ជាក់​ថា ​រដ្ឋបាល​របស់​​ប្រធានាធិបតី​​អាមេរិក​លោក ​ដូ​ណាល់ ​ត្រាំ ​មាន​គ្រប់​ជំរើស​​ទាំងអស់​នៅ​​ក្នុង​ដៃ ​ដើម្បី​ដោះស្រាយ​​បញ្ហា​​កូរ៉េខាងជើង ​ដោយ​ក្នុង​នោះ​​មាន​ទាំង​ការ​គ្រោង​​ដាក់​បញ្ជូន​​កូរ៉េខាងជើង ​ទៅ​ក្នុង​បញ្ជី​​នៃ​រដ្ឋ​គាំទ្រ​ភេរវកម្ម ​ដែល​នឹង​ដាក់​សម្ពាធ​បន្ថែម​​ដល់ទី​ក្រុង​ព្យុងយ៉ាង ​រហូតដល់​ព្រម​ចូល​តុចរចា​គ្នា​​ជាមួយ​អាមេរិក​​តែម្តង ​ដែល​ជា​វិធី​ខុសប្លែក​​ពី​កិច្ចចរចា​កាលពី​អតីត​រដ្ឋបាល​​អា​មេ​រិក​មុន​ៗ​។

គួរ​បញ្ជាក់​ថា ​កាលពីដើម​​ខែមេសា​កន្លងទៅ​នេះ ​សភា​អាមេរិក​​បាន​អនុ​ម័យ​ទៅលើ​​បទបញ្ជា​ស្របច្បាប់​​​មួយ​​ទៅកាន់​ក្រសួង​ការ​​បរទេស ​ឲ្យ​ធ្វើការ​ពិនិត្យ​​ស្រាវជ្រាវ​ឡើងវិញ​ថា ​តើ​កូរ៉េខាងជើង​​ពិតជា​រដ្ឋ​ដែល​បាន ​និង​កំពុង​គាំទ្រ​អំពើ​​ភេរវកម្ម​ដែរ ​ឬក៏​យ៉ាងណា​? ​ប៉ុន្តែ​រហូតមកដល់​​ពេលនេះ ​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​​ថា ​ព្រឹទ្ធសភា​អាមេរិក​​បាន​បោះឆ្នោត​គាំទ្រ ​ចំពោះ​អ្វី​ដែល​រដ្ឋសភា​បាន​​ដាក់​ជូន​នោះ​នៅឡើយ​ទេ ​ដោយ​វា​ត្រូវ​កា​​រ​រយៈពេល​​ប្រមាណ ​៩០ថ្ងៃ​ទើប​ចេញ​​លទ្ធផល​។

សូម​រំលឹក​ទៀត​ថា ​អតីត​រដ្ឋបាល​​អាមេរិក​របស់​​លោក ​George ​W​. ​Bush ​កាលពី​​ឆ្នាំ២០០៨ ​បាន​ដក​ឈ្មោះ​កូរ៉េខាងជើង​​​ចេញពី​បញ្ជី​នៃ​រដ្ឋ​​គាំទ្រ​ភេរវកម្ម ​ជា​ថ្នូរ​នឹង​​ទីក្រុង​ព្យុងយ៉ាង​ ​ដែល​ព្រម​ធ្វើការ​ដកថយ​​​រឿង​កម្មវិធី​នុយក្លេអ៊ែរ​​ដ៏​ចម្រូងចម្រាស​នា​ជំនាន់​នោះ​៕