(ការ៉ាកាស់)៖ ជាលទ្ធផលមនុស្សពីរនាក់បានបាត់បង់ជីវិត ដោយសារតែការធ្វើបាតុកម្មដ៏ធំសម្បើមថ្មីទៀត ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសវេណេស៊ុយអេឡា ដោយក្រុមអ្នកតវ៉ាបានធ្វើការទាមទារឲ្យប្រធានាធិបតី លោក Nicolas Maduro ចុះចេញពីតំណែងនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ របស់ប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំជាច្រើនកន្លែង ត្រូវបានធ្វើឡើងនៅទូទាំងរដ្ឋធានីការ៉ាកាស់ រួមទាំងទីក្រុងធំៗដទៃៗទៀតសាជាថ្មី បន្ទាប់ពីការធ្វើបាតុកម្មហិង្សាអស់រយៈពេលជាច្រើនសប្តាហ៍កាលពីលើកមុន ដែលបានបណ្តាលឲ្យមនុស្សចំនួន០៦នាក់ស្លាប់ និងបង្កឲ្យមានជាការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារ រវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងកងកម្លាំងរក្សាសន្តិសុខ។ សរុបចំនួនមនុស្សស្លាប់ក្នុងបាតុកម្មទ្រង់ទ្រាយធំទាំងពីរលើកនេះ មានចំនួន ០៨នាក់ហើយ។
ការធ្វើបាតុកម្មនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) ត្រូវបានរៀបចំឡើងដោយក្រុមគណបក្សប្រឆាំង នៅប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ហើយដោយផ្ទុយពីការអំពាវឲ្យប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡេ លោក Vladimir Padrino Lopez រដ្ឋក្រសួងការពារជាតិ បានប្តេជ្ញាយ៉ាងស្មោះស្ម័គ្រអំពីភាពស្មោះត្រង់របស់កងទ័ពជូនចំពោះលោក Maduro។ ម៉្យាងវិញទៀតក៏មានសេចក្តីរាយការណ៍ ស្តីពីការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងប៉ូលិសការពារសណ្តាប់ធ្នាប់ផងដែរ។
គួរបញ្ជាក់ថា នៅក្នុងទីក្រុងការ៉ាកាស់ ជាទីប្រជាជនរាប់ម៉ឺនរាប់សែននាក់បាននាំគ្នាចូលរួមធ្វើបាតុកម្មនោះ យុវជនវ័យ១៨ឆ្នាំម្នាក់ឈ្មោះ Carlos Moreno បានរងការបាញ់ប្រហារចំក្បាល នៅពេលក្រុមបាតុកម្មដែលជាគូបដិបក្សនឹងគ្នាបានផ្ទុះអំពើហិង្សាឡើង។ ដោយឡែកទោះបីជាត្រូវបានគេបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យយ៉ាងណាក្តី យុវជនរូបនោះបានស្លាប់ដោយសារតែការរងរបួសធ្ងន់ធ្ងរខ្លាំងពេក។ ក្រោយមកនៅក្នុងទីក្រុង Cristobal ដែលស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសកូឡុំប៊ី នារីវ័យ២៤ឆ្នាំម្នាក់ផ្សេងទៀតឈ្មោះ Paola Ramirez ត្រូវបានក្រុមប្រដាប់អាវុធជិះនៅលើម៉ូតូបាញ់សម្លាប់ ខណៈពេលដែលរូបនាងកំពុងដើរចាកចេញពីក្បួនបាតុកម្ម៕