(ស៊ីរី)៖ លទ្ធផលវិភាគមិនអាចប្រកែកបានបង្ហាញថា ឧស្ម័នគីមីសារីន (Sarin) ឬក៏សារធាតុគីមីប្រហាក់ហែល ពិតជាត្រូវបានគេប្រើប្រាស់នៅក្នុងការវាយប្រហារដោយអាវុធគីមីនៅស៊ីរី កាលពីដើម ខែមេសា កន្លងទៅប្រាកដមែន ដែលបានបណ្តាលឲ្យមនុស្ស ៨៧នាក់ស្លាប់ ក្នុងនោះមានក្មេងៗមិនដឹងអ្វីសោះចំនួនជាង ២០នាក់។ នេះបើតាមរបាយការណ៍នៃអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
យោងតាមប្រធាន OPCW លោក Ahmet Uzumcu គំរូវិភាគលើជនរងគ្រោះ១០នាក់ ត្រូវបានវិភាគ នៅឯមន្ទីរពិសោធន៍ចំនួន០៤ ហើយបើទោះជាត្រូវរង់ចំាលទ្ធផលចុងក្រោយក៏ដោយ ក៏ប៉ុន្តែវាបានបង្ហាញរួចទៅហើយថា ពិតជាមានការប្រើប្រាស់អាវុធគីមីនៅស៊ីរីមែន។ លោក Ahmet Uzumcu បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ទំាង០៤ នៃ OPCW បញ្ជាក់ថា ពិតជាមានការប្រើប្រាស់ឧស្ម័នគីមីសារីន ឬសារធាតុគីមីប្រហាក់ហែល។ មួយវិញទៀត បើទោះជានៅរង់ចាំលទ្ធផលបន្ថែមក៏ដោយ តែលទ្ធផលវិភាគនេះ គឺមិនអាចប្រកែកបានឡើយ ខណៈ OPCW បានត្រៀមខ្លួនរួចជាស្រេច បញ្ជូនក្រុមការងារទៅកាន់តំបន់រងគ្រោះ បើសិនជាសន្តិសុខអំណោយផល»។
គួររំលឹកថា កាលពីដើមខែមេសាកន្លងទៅ មនុស្ស៨៧នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដ៏មហាប្រល័យមួយ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចង្អុលមុខរបបលោក បាហ្សា អាល់ អាស្សាដ ថាជាអ្នកទទួលខុសត្រូវលើការវាយប្រហារដោយអាវុធីគីមីក្នុងទីក្រុង Khan Sheikhoun នៃខេត្ត Idlib។ ក៏ប៉ុន្តែទីក្រុងដាម៉ាស់ បានទាត់ចោលការចោទប្រកាន់នេះ រីឯសម្ព័ន្ធមិត្តរបស់ខ្លួនគឺទីក្រុងម៉ូស្គូ ក៏បានអះអាងដែរថា កងកម្លាំងស៊ីរីមិនបានប្រើប្រាស់អាវុធគីមីឡើយ ហើយថា ការវាយប្រហារនោះទៀតសោតបានបំផ្លាញឃ្លំាងស្ដុកអាវុធគីមីរបស់ពួកភេរវករទៅវិញ។
សូមបញ្ជាក់ថា អង្គការ OPCW មានអាជ្ញាធរតែទៅលើការស៊ើបអង្កេត រកដាននៃការប្រើប្រាស់អាវុធគីមីថា មានពិតមែន ឬក៏អត់ប៉ុណ្ណោះ ប៉ុន្តែអង្គការនេះពុំមានសិទ្ធិអំណាច ក្នុងការចោទប្រកាន់ភាគីណាមួយជាអ្នកប្រព្រឹត្ត ឬក៏ដាក់ទោសទណ្ឌអ្វីនោះឡើយ៕