(វ៉ាស៊ីនតោន)៖ សេតវិមានសហរដ្ឋអាមេរិកបានធ្វើការបកស្រាយ និងបដិសេធចំពោះការភ័ន្តច្រឡំជាសាធារណៈទៅលើព័ត៌មាននានា ដែលបានចុះផ្សាយពីកងទ័ពអាមេរិកធ្វើការចល័តនាវាដឹកយន្តហោះចម្បាំងនៅកាន់ឧបទ្វីបកូរ៉េ ដើម្បីទប់ទល់នឹងកូរ៉េខាងជើងនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យសេតវិមានអាមេរិក លោក Sean Spicer បានលើកឡើងប្រាប់អ្នកសារព័ត៌មាននានាក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃពុធយ៉ាងដូច្នេះថា «លោកប្រធានាធិបតីបាននិយាយថា យើងមានគោលដៅត្រឹមត្រូវក្នុងធ្វើដំណើរទៅឧបទ្វីបកូរ៉េ។ វាជាការពិត... វាបានកើតឡើងយ៉ាងប្រាកដ»។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៩ ខែមេសា កងទ័ពជើងទឹកអាមេរិកបានប្រកាសថា នាវាដឹកយន្តហោះចម្បាំង USS Carl Vinson គ្រោងទៅទស្សនកិច្ចនៅអូស្ត្រាលី និងធ្វើការចល័តពីប្រទេសសិង្ហបុរីទៅកាន់ភាគខាងជើង។
ប៉ុន្តែមួយថ្ងៃបន្ទាប់ពីសេចក្តីប្រកាសរបស់កងទ័ពជើងទឹកនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង ដែលជាក្រុមប្រយុទ្ធ USS Carl Vinson នោះទៅហើយ ដោយការប្រកាសបែបនេះ គឺស្របពេលដែលឧបទ្វីបកូរ៉េកំពុងតែស្ថិតនៅក្នុងភាពតានតឹងបំផុត ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់វា USS Carl Vinson នឹងត្រូវធ្វើដំណើរទៅកាន់ឧបទ្វីបនោះឡើយ។ ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ក្រោយមកទៀតបានប្រាប់អ្នកសារព័ត៌មាននានា នៅថ្ងៃទី១១ ខែមេសាថា ក្បួននាវា USS Carl Vinson កំពុងតែធ្វើដំណើរទៅកាន់តំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា បើតាមព័ត៌មានច្បាស់ការមួយដែលត្រូវបានចេញផ្សាយនៅអំឡុងទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅតំបន់អាស៊ីនោះ នាវាដឹកយន្តហោះចម្បាំង USS Carl Vinson កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរបស់មនុស្សជំនិតលោក ដូណាល់ ត្រាំ នៅតំបន់អាស៊ីដែលមានរយៈពេល ១០ថ្ងៃ។ ក៏មានព័ត៌មានមួយចំនួនចុះផ្សាយបែបចំអកផងដែរថា អាមេរិកចល័តនាវាដឹកយន្តហោះចម្បាំងចេញពីឧបទ្វីបកូរ៉េទៅអូស្ត្រាលី ខណៈដែលខ្លួនកំពុងព្រមានកូរ៉េខាងជើងមិនឲ្យបង្កហេតុតទៅទៀត៕