(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានចោទប្រកាន់ថា ប្រទេសអ៊ីរ៉ង់កំពុងប្រកាន់អាកប្បកិរិយាដូចកូរ៉េខាងជើង ដោយធ្វើសកម្មភាពបង្ករឿងតាមរយៈការបង្កអស្ថេរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាបំផ្លាញផលប្រយោជន៍អាមេរិក នៅក្នុងតំបន់នេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងជាថ្មីបែបនេះរបស់លោក ធីល្លឺសុន ធ្វើឡើងបន្ទាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្គាប់ឱ្យត្រួតពិនិត្យឡើងវិញ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ក្រោមអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បើទោះជាទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ថា ទីក្រុងតេហេរ៉ង់ ពិតជាបានគោរពតាមកិច្ចព្រមព្រៀងនេះក៏ដោយ។ លោក ធីល្លឺសុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីរ៉ង់ កំពុងធ្វើសកម្មភាពដែលបង្កអស្ថេរភាពនៅតំបន់មជ្ឈិមបូព៌ា ព្រមទំាងបំផ្លាញផលប្រយោជន៍អាមេរិក នៅក្នុងប្រទេស អ៊ីរ៉ាក់ លីបង់ ស៊ីរី និងយ៉េមែន ពោលគឺទីក្រុងតេហេរ៉ង់ កំពុងដើរលើផ្លូវដូចគ្នាទៅនឹងកូរ៉េខាងជើង»។
គួរបញ្ជាក់ថា អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ, ក្រុមឧទ្ទាម ហេសប៊ូលឡា និងក្រុមឧទ្ទាម ស៊ីអ៊ីតហូទី នៅប្រទេសយ៉េមែន ដែលសុទ្ធសឹងតែជាបន្លានៅក្នុងកែវភ្នែកសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលគួរតែត្រូវបានដកចេញនៅ ថ្ងៃណាមួយបើសិនជាពួកគេចង់ពង្រីកឥទ្ធិពល គ្រប់គ្រងតំបន់មជ្ឈិមបូព៌ា៕