(វ៉ាស៊ីនតោន)៖ នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីក្តីសង្ឃឹមរបស់លោកផ្ទាល់ថា មេដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ក៏មានបំណងចង់បន្តរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «សង្ឃឹមថាលោក គីម ជុងអ៊ុន ចង់បានសន្តិភាពទៅចុះ ខណៈយើងក៏ចង់បានសន្តិភាពដូចគ្នាដែរ ហើយវានឹងជាការប្តេជ្ញាចិត្តចុងក្រោយបង្អស់ ប៉ុន្តែយើងនឹងនៅទន្ទឹងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើងនាពេលបន្ទាប់ទៀត»។
នាឱកាសនោះនៅពេលឆ្លើយតបទៅនឹងសំណួរដែលចោទសួរថា តើប្រជាពលរដ្ឋអាមេរិកគួរតែព្រួយបារម្ភអំពីការគំរាមកំហែង នៃសង្រ្គាមនុយក្លេអ៊ែរដែលអាចកើតមានឡើងជាមួយកូរ៉េខាងជើងដែរ ឬយ៉ាងណានោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានថ្លែងថា «អ្នកត្រូវតែបារម្ភជានិច្ច ព្រោះអ្នកមិនដឹងជាក់ច្បាស់ថា រូបអ្នកកំពុងតែតទល់ជាមួយនរណានោះឡើយ»។
ក្រៅពីនេះមេដឹកនាំអាមេរិករូបនេះ ក៏បានលើកឡើងថែមទៀតថា បណ្តាអតីតប្រធានាធិបតីរបស់ប្រទេសនេះ គួរតែបានដោះស្រាយបញ្ហានៃកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «ឥឡូវនេះខ្ញុំត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាព ដែលលោក គីម ជុងអ៊ុន ជាក់ស្តែងពិតជាមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ហើយយើងត្រូវតែធ្វើអ្វីម៉្យាងអំពីរឿងនេះ»។
គួរបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយខាងលើនេះរបស់ លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅចំពោះមុខនៃការកើនឡើងយ៉ាងខ្លាំងក្លា នៃភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយកាលពីសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោក ត្រាំ ប្រហែលជានឹងបញ្ជាឲ្យបើកការវាយប្រហារប្រឆាំងទៅលើកូរ៉េខាងជើង បើសិនជារបបដឹកនាំទីក្រុងព្យុងយ៉ាង សម្រេចចិត្តបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ជាការឆ្លើយតបយោធាកូរ៉េខាងជើង ក៏បានព្រមានបើកការវាយប្រហារទៅលើមូលដ្ឋានយោធាអាមេរិកនៅជប៉ុន និងកូរ៉េខាងត្បូងវិញ រួមទាំងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅរដ្ឋធានីសេអ៊ូល នៅក្នុងករណីដែលសហរដ្ឋអាមេរិកហ៊ានប្រើកម្លាំងយោធា៕