ក្តៅៗ! រដ្ឋមន្ត្រីការបរទេសតួកគីអះអាងថា «លោក ដូណាល់ ត្រាំ នឹងជួបជាមួយលោក តាយយីប អឺដូហ្គាន់» នៅខែឧសភា ខាងមុខនេះ!
19-04-2017 16:15
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីប អឺដូហ្គាន់ នឹងជួបជាមួយប្រធានាធិបតីអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ មុនកិច្ចប្រជុំនៃបណ្តាសម្ព័ន្ធមិត្តអង្គការ NATO។ នេះបើតាមការដកស្រង់សម្តីពីរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu ដោយ Reuters និងចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានទូរស័ព្ទដោយផ្ទាល់មកកាន់លោក អឺដូហ្គាន់ ដើម្បីអបអរសាទរចំពោះការទទួលបានជោគជ័យធំធេង ក្នុងការបោះឆ្នោតធ្វើប្រជាមតិដើម្បីកែទម្រង់រដ្ឋធម្មនុញ្ញ ដែលនឹងផ្តល់អំណាចខ្លាំងជាងមុនដល់ប្រធានាធិបតីតួកគី។ ការអបអរនេះដែរ ក៏បានកើតឡើងបន្ទាប់ពីប្រទេសតួកគីបានអះអាងថា ការបាញ់មីស៊ីល៥៩គ្រាប់របស់អាមេរិកទៅលើស៊ីរីនោះ គឺជារឿងត្រឹមត្រូវមួយផងដែរ៕