(មូស៊ុល)៖ ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ជាមួយពួកសកម្មប្រយុទ្ធ ISIS នៅភាគខាងលិចទីក្រុងម៉ូស៊ុលបាន និងកំពុងបង្កជាគ្រោះមហន្តរាយមនុស្សជាតិដ៏អាក្រក់បំផុត។ នេះបើតាមការព្រមានធ្ងន់ៗ របស់មន្ត្រីជាប់ខ្ពស់នៃអង្គការសហប្រជាជាតិ (UN) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ទីក្រុងម៉ូស៊ុល បានធា្លក់ចូលទៅក្រោមការគ្រប់គ្រងរបស់ពួក ISIS កាលពីពាក់កណ្ដាលឆ្នាំ២០១៤កន្លងទៅ។ ប៉ុន្តែបច្ចុប្បន្នកងកម្លំាងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងជីវពលឃើដ ដោយមានការគំាទ្រពីក្រុមចំរុះអន្តរជាតិ របស់សហរដ្ឋអាមេរិក បានវាយដណ្ដើមយកទឹកដីមួយផ្នែកធំ នៃភាគខាងលិចទីក្រុងមួយនេះបានមកវិញបណ្តើរៗ។
យ៉ាងក៏ដោយប្រជាជនអ៊ីរ៉ាក់រាប់ម៉ឺននាក់នៅតែបន្តជាប់គាំង នៅតាមតំបន់ជាយក្រុងមួយចំនួនដូច Old City ជាដើម។ ដោយឡែកជុំវិញសង្រ្គាមនេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Lisa Grande មន្ត្រី UN ទទួលបន្ទុកផ្ដល់ជំនួយសម្រាប់អ៊ីរ៉ាក់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាមានការឡោមព័ទ្ធ ហើយមនុស្សរាប់ម៉ឺននាក់គ្មានទឹក និងម្ហូបអាហារនោះវានឹងក្លាយជាហានិភ័យ មួយដ៏ធំ ខណៈយើងកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សជាតិដ៏អាក្រក់បំផុតស្រាប់ ដែលកើតចេញពីសង្រ្គាមរវាងកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមរដ្ឋអ៊ីស្លាម ISIS»។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ប្រជាជនអ៊ីរ៉ាក់ ១៥០,០០០នាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងម៉ូស៊ុល រីឯមនុស្ស ៦០០,០០០នាក់ទៀតបន្តស្ថិតនៅក្នុង ទីក្រុងនេះនៅឡើយ ហើយមនុស្សប្រមាណ ៤០០,០០០នាក់ ក្នុងចំណោមពួកគេកំពុងជាប់គាំងនៅក្នុងទីក្រុង Old City ដែលនៅជាប់នឹងម៉ូស៊ុលតែម្តង៕