(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុង កើតមានក្តីព្រួយបារម្ភជាខ្លាំង ដោយសារតែការធ្វើអត្ថាធិប្បាយនាពេលថ្មីៗនេះ របស់មន្រ្តីកូរ៉េខាងជើង ដែលបានព្រមានធ្ងន់ៗមិនសំចៃមាត់អំពីការធ្វើតេស្តមីស៊ីល និងលទ្ធភាពនៃការផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែរដែលនឹងនាំឲ្យកក្រើកពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានបន្ថែមថា «ចិនសូមធ្វើការប្រឆាំង ក៏ដូចជាជំទាស់យ៉ាងដាច់ខាត ចំពោះពាក្យសម្តី ឬមួយក៏ទង្វើទាំងឡាយណា ដែលអាចបន្តដុតរោលភាពតឹង ឲ្យកាន់តែក្តៅគគុកបន្ថែមទៀតនោះ»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងមានការលាក់កំបាំងយ៉ាងជិតបំផុត ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែ របស់ខ្លួនដែលត្រូវបានបន្តអភិវឌ្ឍន៍ឡើងជាបន្តបន្ទាប់ មិនខ្វល់ពីការថ្កោលទោស និងទណ្ឌកម្មពីសំណាក់អន្តរជាតិនោះឡើយ។ យោងតាមរបាយការណ៍កាលពីចុងឆ្នាំ២០១៦ កូរ៉េខាងជើងត្រូវបានគេធ្វើការប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួនចន្លោះពី១៣ទៅ២០គ្រាប់នៅក្នុងដៃ ហើយបើយោងតាមក្រុមអ្នកជំនាញជាច្រើន នៅក្នុងឆ្នាំ២០២០ ប្រទេសកូរ៉េខាងជើង អាចនឹងមានពី២០ដល់ទៅ១០០គ្រាប់ ដោយផ្អែកលើអាត្រានៃកំណើនស្តុក និងភាពរីកចម្រើននៃបច្ចេកវិទ្យារបស់រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាម ប្រភពព័ត៌មានពី គេហទំព័រអន្តរជាតិ។
កាលពីពេលកន្លងទៅរបបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនចំនួនប្រាំលើករួចមកហើយ ខណៈការបំផ្ទុះសាកល្បងដោយជោគជ័យនីមួយៗនោះ ត្រូវគេមើលឃើញថា បានកើនឡើងកម្លាំងក៏ដូចជាអនុភាពជាបន្តបន្ទាប់ ដោយការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរចុងក្រោយគេបង្អស់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ត្រូវបានគេវ៉ាស់ស្ទង់ឥទ្ធិពលថា មានកម្លាំងចន្លោះពី១០ទៅ៣០គីឡូតោន។
ជុំវិញសមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រមុខដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន បានអះអាងថា ប្រទេសរបស់លោកមានបច្ចេកវិទ្យាបាលីស្ទីក (Ballistic) នៅក្នុងដៃដែលចាំបាច់សម្រាប់ការវាយប្រហារទៅលើប្រទេសលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ម៉្យាងវិញទៀត នៅក្រោយការធ្វើតេស្តមីស៊ីលកាលពីខែសីហា ឆ្នាំ២០១៦ លោក គីម បានបញ្ជាក់ថា អាមេរិក និងទីតាំងប្រតិបត្តិការយោធារបស់អាមេរិក នៅតំបន់ប៉ាស៊ីហ្វិក គឺស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់កូរ៉េខាងជើង ហើយបន្ទាប់ពីការបំផ្ទុះសាកល្បងក្បាលគ្រាប់មីស៊ីលកាលពីខែកញ្ញា ឆ្នាំដដែល ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញមុខព្រមានថា ប្រទេសរបស់ខ្លួនមានសមត្ថភាពបំពាក់ក្បាលគ្រាប់លើមីស៊ីលបានហើយ។
ប្រការហេតុនេះក្រុមអ្នកជំនាញជឿជាក់ថា នាពេលប៉ុន្មានឆ្នាំខាងមុខ កូរ៉េខាងជើងច្បាស់ជាអាចវាយប្រហារដោយអាវុធនុយក្លេអ៊ែរទៅដល់ទឹកដីសហរដ្ឋអាមេរិកជាមិនខានឡើយ។ ដោយឡែកសម្រាប់ចំនួននៃក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរវិញនោះ យោងតាមសម្តីរបស់អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីខែមករា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមាន ក្បាលគ្រាប់នុយក្លេអ៊ែរសរុបដល់ទៅ៤០១៨គ្រាប់ ដែលនេះមិនរាប់បញ្ចូលក្បាលគ្រាប់ប្រមាណ២៨០០គ្រាប់ទៀត ដែលឈានចូលនិវត្តន៍នោះឡើយ៕