(ប៉េកាំង)៖ ការរុះរើកកងទ័ពចិន និងតម្លើងទៅជាកងអង្គភាពយោធាចំនួន ៨៤កំរិត គឺជាចលនាមួយឆ្ពោះទៅរក ការបង្កើតកងកម្លាំងយោធានាំមុខគេនៅលើពិភពលោកស្របទៅតាម កាលៈទេសៈបច្ចុប្បន្នរបស់សកលលោក។ នេះបើតាមសម្តីរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដកស្រង់ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងរបស់ លោក ស៊ី ជិនពីង ធ្វើឡើងនៅក្នុងជំនួបជាមួយក្រុមមន្ត្រីនៃអង្គភាពយោធាថ្មី នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះដែរ លោក ស៊ី បានលើកឡើងយ៉ាងដូច្នេះថា «កងអង្គភាពយោធាទាំងអស់ ត្រូវតែទទួលខុសត្រូវយ៉ាងធំសម្បើម ក្នុងការពារដែនអធិបតេយ្យភាព សន្តិសុខ និងអភិវឌ្ឍន៍ផលប្រយោជន៍ជាតិ។ មិនតែប៉ុណ្ណោះពួកគេត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច និងរ៉ឹងមំា ដើម្បីយកជ័យជម្នះនៅពេលមានសង្រ្គាមផ្ទុះឡើងមិនថា នៅពេលណាក៏ដោយ ហើយម្យ៉ាងវិញទៀតពួកគេត្រូវតែចេះគ្រប់គ្រង ឬប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបផងដែរ ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងសង្រ្គាមសម័យទំនើប»។
គួរបញ្ជាក់ថា ការបង្កើតកងអង្គភាពយោធា៨៤កម្រិត គឺជាការធ្វើកំណែទម្រង់ចុងក្រោយនៃកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងនោះរួមមានទំាង ការច្របាច់បញ្ចូលតំបន់ទីបញ្ជាការយោធាចំនួន០៧ ទៅជាទីបញ្ជាការចំនួន០៥វិញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈដាក់ឱ្យដំណើរការកងកម្លាំងភស្ដុភារួម កាលពីខែកញ្ញា ឆ្នាំ២០១៦ ព្រមទំាង ការបង្កើតគណៈកម្មាការកណ្ដាល សម្រាប់ការធ្វើសមាហរណកម្មយោធា និងការអភិវឌ្ឍវិស័យ យោធាស៊ីវិលកាលពីខែមករាកន្លងទៅ៕