(លីម៉ា)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ជនបទមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសប៉េរូ នៅថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) ក៏ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត និងជនរងគ្រោះនៅឡើយទេ។ នេះបើវិទ្យាស្ថានភូមិសាស្ត្រប៉េរូ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅតំបន់ Loreto ដោយមានជំរៅរញ្ជួយដី ៤២គីឡូម៉ែត្រពីក្នុងដី។ ជាងនេះទៅទៀតប្រជាជនរស់នៅតំបន់រងគ្រោះក្នុងប្រទេសប៉េរូ និងអេក្វាឌ័រ ត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្នទៅកាន់ទីទួលមានសុវត្ថិភាព ខណៈគ្រោះរញ្ជួដីនេះ ក៏បានរំញ័រដល់ប្រទេសកូឡុំប៊ីផងដែរ៕