(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រគុំតន្រ្តីដ៏ធំមួយ ដើម្បីអបអរពិធីខួបកំណើតទី១០៥ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដោយពេលបញ្ចប់ការប្រគុំតន្ត្រីនោះ ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានចាក់បង្ហាញទស្សនកិច្ច ដែលគេឃើញមានគ្រាប់មីស៊ីលត្រូវបានបាញ់ចេញពីកូរ៉េខាងជើងសំដៅទៅវាយប្រហារទឹកដីសហរដ្ឋអាមេរិក ឲ្យក្លាយទៅជាអណ្តាតភ្លើងតែម្តង។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយព័ត៌មាន និងបានបង្ហាញពីរូបភាពនៃការទះដៃអបអរសាទរ ប្រកបដោយទឹកមុខញញឹមពីសំណាក់មន្ត្រីរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ដែលបានទស្សនាខ្សែវីដេអូវាយប្រហារអាមេរិក ដែលត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញ នៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកុម្មុយនិស្តមួយនេះ។
គួរបញ្ជាក់ថា កម្មវិធីប្រគុំតន្ត្រីខាងលើនេះត្រូវបានរៀបចំឡើង និងចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើងដែលចាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយមានការចូលរួមដោយផ្ទាល់ពីមេដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន មួយថ្ងៃបន្ទាប់ពីព្យុហយាត្រាយោធាដ៏ធំប្រចាំឆ្នាំ ត្រូវបានរៀបចំឡើងនៅកណ្តាលរដ្ឋធានីព្យុងយ៉ាង ចំពោះមុខអ្នកសារព័ត៌មាន និងភ្ញៀវបរទេសរាប់រយនាក់។
សូមបញ្ជាក់ម្តងទៀតថា ខ្សែវីដេអូស្តីពីសកម្មភាពវាយប្រហារដោយគ្រាប់មីស៊ីលកូរ៉េខាងជើង ទៅលើទឹកដីអាមេរិកនោះ ជាការបង្ហាញអំពីការធ្វើតេស្តមីស៊ីលជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ហើយបន្ទាប់មកគេក៏ឃើញគ្រាប់មីស៊ីលមួយចំនួនហោះឡើងលើអាកាស ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក រួចក៏ផ្ទុះបែកចេញជាបណ្តុំអណ្តាតភ្លើងដ៏មហិមានៅលើទឹកដីសហរដ្ឋអាមេរិកតែម្តង៕