(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យត្រួតពិនិត្យឡើងវិញថា តើការដកទណ្ឌកម្មលើអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ថាបានផ្ដល់ផលប្រយោជន៍ ដល់សន្តិសុខជាតិអាមេរិកដែរ ឬយ៉ាងណា ខណៈលោកផ្ទាល់ធ្លាប់បានហៅកិច្ចព្រមព្រៀងជាមួយទីក្រុង តេហេរ៉ង់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់មិនធ្លាប់មាន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក រិច ធីល្លឺសុន បានបញ្ជាក់ថា អ៊ីរ៉ង់ បានប្ដេជ្ញាចិត្តអនុវត្តន៍កិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌនៃការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក៏ប៉ុន្តែទន្ទឹមគ្នាលោកនៅតែព្រួយបារម្ភនូវអ្វីដែលលោកមើលឃើញថា អ៊ីរ៉ង់បាន និងកំពុងជួយគំាទ្រដល់ក្រុមភេរវករ។ លោក ធីល្លឺសុន បានគូស បញ្ជាក់ដូច្នេះថា «ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ជាដោយផ្ទាល់ឱ្យទីប្រឹក្សាសន្តិសុខជាតិ ត្រួតពិនិត្យឡើងវិញចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (JCPOA) ថា តើវាបានផ្ដល់ផលប្រយោជន៍ដល់សន្តិសុខជាតិអាមេរិកដែរ ឬទេ ស្របពេលទីក្រុងតេហេរ៉ង់ នៅតែប្រកាន់ឥរិយាបទដូចជារដ្ឋគាំទ្រក្រុមភេរវករ»។
គួរបញ្ជាក់ថា ដើម្បីរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ អ៊ីរ៉ង់បានសម្រេចចិត្ត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងមហាអំណាច ៥បូក១ មានសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់ កាលពីឆ្នាំ២០១៥កន្លងទៅ។ ក៏ប៉ុន្តែបន្ទាប់ពី លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ទំាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា បានរំលោភបំពានលើកិច្ចព្រមព្រៀងនេះ រហូតដល់ចង់រំលាយវាចោលទៀតផង៕