(ដាម៉ាស់)៖ ក្រសួងការបរទេសស៊ីរីនាពេលថ្មីៗនេះ បានធ្វើការឆ្លើយតបពាក្យសម្តីដឺដងផ្លែផ្កាទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលកាលពីសប្តាហ៍មុនបានហៅមេដឹកនាំស៊ីរីលោក បាហ្សា អាល់ អាស្សាដ ថាជា «សត្វធាតុមួយក្បាល» និងជាមនុស្សដ៏អាក្រក់ម្នាក់នោះ ដោយបានប្រាប់លោកប្រធានាធិបតីអាមេរិកថា កុំឲ្យយកធាតុពិតខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Sputnik កាលពីសប្តាហ៍មុននេះ អនុរដ្ឋមន្រ្តីការបរទេសស៊ីរីលោក Ayman Soussan បានលើកឡើងថា «ប្រសិនបើអ្នកដឹងខ្លួនឯងជាសត្វធាតុហើយនោះ សូមកុំគិតថា អ្នកដទៃផ្សេងដូចអ្នកអ៊ីចឹងដែរនោះ»។ លោក Sussan បានគូសបញ្ជាក់ថា លោក អាស្សាដ គឺជាប្រធានាធិបតីនៃរដ្ឋអធិបតេយ្យមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរបស់លោក ហើយអ្នកដែលមានសិទ្ធិវាយតម្លៃទៅលើលោក អាស្សាដ ថាជាអ្វីនោះ គឺតែមានប្រជាពលរដ្ឋស៊ីរីប៉ុណ្ណោះ ពុំមែនលោក ដូណាល់ ត្រាំ នោះឡើយ។
កាលពីថ្ងៃពុធសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ស្ថានការណ៍បច្ចុប្បន្ននៅស៊ីរី គឺបង្កឡើងដោយសារតែការគាំទ្រ ក៏ដូចជាការការពាររបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ចំពោះលោក បាហ្សា អាល់ អាស្សាដ និងថែមទាំងបានហៅមេដឹកនាំ នៃប្រទេសមជ្ឈិមបូព៌ាមួយនេះថាជា «សត្វធាតុមួយក្បាល» ទៀតផង នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ របស់ស្ថានីយ៍ទូរទស្សន៍ Fox Business របស់សហរដ្ឋអាមេរិកផ្ទាល់។
គួរបញ្ជាក់ថា នាឱកាសនោះលោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «បើសិនជាប្រទេសរុស្ស៊ីមិនទៅលូកដៃការពារសត្វធាតុមួយក្បាលនេះ (សំដៅលើប្រធានាធិបតីស៊ីរីលោក អាស្សាដ) ទេនោះអ្នកនឹងពុំមានបញ្ហាដូចបច្ចុប្បន្ននេះឡើយ»។ លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កំពុងតែជួយគាំទ្របុរសដ៏សែនអាក្រក់បំផុតម្នាក់ ហើយលោក ត្រាំ ជឿជាក់ថាសម្ព័ន្ធភាពបែបនេះ នឹងជះផលអវិជ្ជមានជាខ្លាំងទៅលើទីក្រុងម៉ូស្គូ ក៏ដូចជាពិភពលោកទាំងមូល៕