(តូក្យូ)៖ ស្ថិតនៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសជប៉ុននៅឡើយ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹង បន្តកិច្ចសហការជាមួយនឹងបណ្តាសម្ព័ន្ធមិត្តនានារបស់ខ្លួន ដើម្បីដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការទូតឲ្យបានខ្លាំងជាងមុនទៅលើប្រទេសកូរ៉េខាងជើង ហើយនឹងធ្វើការវាយបកវិញយ៉ាងចាស់ដៃផងដែរ ក្នុងករណីដែលកើតមានការវាយប្រហារណាមួយមុន ពីសំណាក់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ពី សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ការព្រមានបែបនេះត្រូវបានធ្វើឡើងដោយលោកអនុប្រធានាធិបតីអាមេរិកព នៅលើនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan ដែលបច្ចុប្បន្នកំពុងឆ្លងកាត់ការត្រួតពិនិត្យថែទាំតាមការគ្រោងទុក នៅឯកំពង់ផែនៃទីក្រុង Yokosuka ប្រទេសជប៉ុន។ នាឱកាសនោះលោក Mike Pence ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងប្តេជ្ញាការពារសេរីភាព នៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ នៅតំបន់សមុទ្រចិនខាងត្បូង ជាកន្លែងដែលទីក្រុងប៉េកាំងមានបញ្ហាវិវាទដ៏តានតឹងជាមួយប្រជាជាតិមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានទៅដល់ប្រទេសកូរ៉េខាងត្បូង ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាត្រូវបានធ្វើឡើងឡើង មួយថ្ងៃក្រោយនៃការធ្វើព្យុហយាត្រាអបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅជប៉ុន លោក Pence នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលី ជាកិច្ចបញ្ចប់នៃទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកនៅតំបន់អាស៊ីតែម្តង៕