(ហ៊ូស្ដុន)៖ អតីតប្រធានាធិបតីអាមេរិក លោក ចច អេច ដាប់ប៊ែលយូ ប៊ូស (George H.W. Bush) ដែលនេះគឺជាលើកទី០២ ក្នុងរយៈពេល០៣ខែនេះ ដោយសារតែជំងឺរលាកសួត។ ក៏ប៉ុន្តែនៅពេលនេះ ស្ថានភាពសុខភាពរបស់លោកកំពុងល្អប្រសើរឡើងវិញហើយ។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យក្រុមគ្រួសារ អតីតប្រធានាធិបតីអាមេរិករូបនេះ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យ លោក Jim McGrath លោក ប៊ូស បានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងហ៊ួស្ដុន តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្លេះ ក្រោយជំងឺរលាកសួតកំរិតស្រាលរបស់លោក ធ្វើទុក្ខឡើងវិញ ដែលធ្វើឱ្យលោកក្អកជាប្រចាំ និងមិនបានសម្រាកគ្រប់គ្រាន់។ ទោះបីជាយ៉ាងណា បច្ចុប្បន្នស្ថានភាពសុខភាព របស់លោកអតីតប្រធានាធិបតី បានល្អប្រសើរឡើងវិញហើយ តែលោក Jim McGrath ក៏មិនបានបញ្ជាក់អ្វីលើសពីនេះដែរ ដោយគ្រាន់តែប្រាប់ថា លោក ប៊ូស កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ Houston Methodist Hospital ជាទីដែល លោកបានចំណាយពេលច្រើនជាង០២សប្ដាហ៍ ព្យាបាលជំងឺរលាកសួតកាលពីខែមករា កន្លងទៅ។
គួរបញ្ជាក់ថា លោក ចច អេច ដាប់ប៊ែលយូ ប៊ូស មានអាយុ៩២ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកទី៤១ ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ ហើយលោកក៏ជាឪពុករបស់អតីតប្រធានាធិបតីអាមេរិកទី៤៣ លោក ចច ដាប់ប៊ែលយូ ប៊ូស ដែលបានកាន់អំណាចពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩៕