(បាងកក)៖ ព្រះសពរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានគេដឹងថា នឹងត្រូវប្រារព្ធព្រះរាជពិធីបូជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដែលវាមានរយៈមួយឆ្នាំ និង១៣ថ្ងៃ បន្ទាប់ពីព្រះអង្គសោយទិវង្គតនៅក្នុងមន្ទីរពេទ្យទីក្រុងបាងកកប្រទេសថៃ។ នេះបើតាមការដកស្រង់ព័ត៌មានពីវែបសាយល្បីរបស់ថៃ kapook ក្រោយទទួលបានសេចក្តីប្រកាសពីរាជវាំងក្រុងបាងកក នៅថ្ងៃព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយព្រះទិវង្គតក្នុងជន្មាយុ ៨៨ព្រះវស្សានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោយពីទទួលរងអការៈរោគរុំារ៉ៃអស់ជាច្រើនឆ្នាំ ប៉ុន្តែព្រះអង្គមិនដែលបានយាងទៅព្យាបាលនៅបរទេសនោះឡើយ។ ក្រោយព្រះអង្គសោយទិវង្គត រាជទាយាទព្រះនាម មហា វិច្ចិរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បត្តិបន្តនៅដើមខែធ្នូ ឆ្នាំ២០១៦។
សម្រាប់ការសម្រេចបូជាព្រះសពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នោះ គឺវាសមស្របទៅតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលថៃ ដែលកាលពីអតីតព្រះមហាក្សត្រដែលប្រជាជនថៃគោរពស្រឡាញ់ជាងជីវិតនេះ បានសោយទិវង្គតបានប៉ុន្មានថ្ងៃបានប្រកាសថា ព្រះសពរបស់ព្រះអង្គ នឹងត្រូវតម្កល់ទុកក្នុងរាជវាំងរយៈពេលមួយឆ្នាំ ទើបប្រារព្ធព្រះរាជពិធីបូជា ហើយក្រោយពីពិធីបូជាចប់រួចរាល់នោះ ព្រះរាជពិធីដ៏ធំជាផ្លូវការនៃការឡើងគ្រងរាជ្យសម្បតិ្តរបស់ស្តេចអង្គថ្មី ក៏នឹងត្រូវរៀបចំឡើងផងដែរ៕