(អាមេរិក)៖ អាជ្ញាធរប៉ូលិសរដ្ឋ Pennsylvania បានរាយការណ៍ថា បុរសជាឃាតកម្នាក់ ដែលបានបាញ់សម្លាប់បុរសវ័យចំណាស់ម្នាក់ នៅតាមផ្លូវក្នុងទីក្រុង Cleveland នៃរដ្ឋ Ohio ស្ថិតនៅភាគឦសាន និងបានបង្ហោះរូបភាពជាវីដេអូ ស្តែងពីសកម្មភាពបាញ់ប្រហាររបស់ខ្លួននៅលើ Facebook បានបាញ់សម្លាប់ខ្លួនឯងហើយ ខណៈនាយកប្រតិបត្តិ បណ្តាញសង្គមយក្សនេះគឺ លោក Mark Zuckerburg បានសន្យាថា នឹងព្យាយាមទប់ស្កាត់សោកនាដកម្មបែបនេះ មិនឲ្យមានការផ្សព្វផ្សាយជាសាធារណនោះឡើយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា សាកសពខ្មាន់កំាភ្លើងឈ្មោះ Steve Stephens ត្រូវបានរកឃើញនៅឯសហគមន៍ Erie ស្ថិតនៅក្នុងរដ្ឋ Pennsylvania ហើយរូបគេត្រូវបានគេជឿជាក់ថា បានបាញ់ចំក្បាលសម្លាប់ខ្លួនឯង បន្ទាប់ពីត្រូវប៉ូលិសតាមចាប់ខ្លួននារយៈពេល ២៤ម៉ោងចុងក្រោយនេះ សម្រាប់អំពើឃាតកម្មលើបុរសវ័យចំណាស់ម្នាក់ឈ្មោះ Robert Godwin អាយុ៧៤ឆ្នាំ ដែលខ្លួន (ខ្មាន់កាំភ្លើង) មិនបានស្គាល់តែសោះ។
គួរបញ្ជាក់ថា បើតាមប្រភពក្រៅផ្លូវការមួយចំនួននៅក្នុងវីដេអូមួយផ្សេងទៀត Steve Stephens ក៏បានអួតផងដែរថា ខ្លួនបានសម្លាប់១៣នាក់ ហើយថាមានគំរោងសម្លាប់មនុស្សទី១៤។ ក៏ប៉ុន្តែយ៉ាងណា អាជ្ញាធរមិនបានរកឃើញសាកសពណាមួយបន្ថែមទៀតនោះទេ៕