(បរទេស)៖ ប្រទេសកូរ៉េខាងជើងមានការលាក់កំបាំងយ៉ាងជិតបំផុត ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលត្រូវបានបន្តអភិវឌ្ឍន៍ឡើងជាបន្តបន្ទាប់ មិនខ្វល់ពីការថ្កោលទោស និងទណ្ឌកម្មពីសំណាក់អន្តរជាតិនោះឡើយ។ យោងតាមរបាយការណ៍កាលពីចុងឆ្នាំ២០១៦ កូរ៉េខាងជើងត្រូវបានគេធ្វើការប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួនចន្លោះពី១៣ទៅ២០គ្រាប់នៅក្នុងដៃ ហើយបើយោងតាមក្រុមអ្នកជំនាញជាច្រើន នៅក្នុងឆ្នាំ២០២០ ប្រទេសកូរ៉េខាងជើង អាចនឹងមានពី២០ដល់ទៅ១០០គ្រាប់ ដោយផ្អែកលើអាត្រានៃកំណើនស្តុក និងភាពរីកចម្រើននៃបច្ចេកវិទ្យារបស់រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមកា ប្រភពព័ត៌មានពី គេហទំព័រអន្តរជាតិ។
កាលពីពេលកន្លងទៅរបបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនចំនួនប្រាំលើករួចមកហើយ ខណៈការបំផ្ទុះសាកល្បងដោយជោគជ័យនីមួយៗនោះ ត្រូវគេមើលឃើញថា បានកើនឡើងកម្លាំងក៏ដូចជាអនុភាពជាបន្តបន្ទាប់ ដោយការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរចុងក្រោយគេបង្អស់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ត្រូវបានគេវ៉ាស់ស្ទង់ឥទ្ធិពលថា មានកម្លាំងចន្លោះពី១០ទៅ៣០គីឡូតោន។
ជុំវិញសមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រមុខដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន បានអះអាងថា ប្រទេសរបស់លោកមានបច្ចេកវិទ្យាបាលីស្ទីក (Ballistic) នៅក្នុងដៃដែលចាំបាច់សម្រាប់ការវាយប្រហារទៅលើប្រទេសលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ម៉្យាងវិញទៀត នៅក្រោយការធ្វើតេស្តមីស៊ីលកាលពីខែសីហា ឆ្នាំ២០១៦ លោក គីម បានបញ្ជាក់ថា អាមេរិក និងទីតាំងប្រតិបត្តិការយោធារបស់អាមេរិក នៅតំបន់ប៉ាស៊ីហ្វិក គឺស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់កូរ៉េខាងជើង ហើយបន្ទាប់ពីការបំផ្ទុះសាកល្បងក្បាលគ្រាប់មីស៊ីលកាលពីខែកញ្ញា ឆ្នាំដដែល ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញមុខព្រមានថា ប្រទេសរបស់ខ្លួនមានសមត្ថភាពបំពាក់ក្បាលគ្រាប់លើមីស៊ីលបានហើយ។
ប្រការហេតុនេះក្រុមអ្នកជំនាញជឿជាក់ថា នាពេលប៉ុន្មានឆ្នាំខាងមុខ កូរ៉េខាងជើងច្បាស់ជាអាចវាយប្រហារដោយអាវុធនុយក្លេអ៊ែរទៅដល់ទឹកដីសហរដ្ឋអាមេរិកជាមិនខានឡើយ។ ដោយឡែកសម្រាប់ចំនួននៃក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរវិញនោះ យោងតាមសម្តីរបស់អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីខែមករា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមាន ក្បាលគ្រាប់នុយក្លេអ៊ែរសរុបដល់ទៅ៤០១៨គ្រាប់ ដែលនេះមិនរាប់បញ្ចូលក្បាលគ្រាប់ប្រមាណ២៨០០គ្រាប់ទៀត ដែលឈានចូលនិវត្តន៍នោះឡើយ។
ចំណែកឯចំនួនមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីវិញរួមមានប្រមាណជាង ៣០កន្លែងនៅកូរ៉េខាងត្បូង ជាមួយវត្តមានកងទ័ពប្រហែល ៤០,០០០នាក់ និងប្រមាណ ៩០កន្លែងនៅជប៉ុន ជាមួយនឹងពលទាហានប្រហែល ៥២,០០០នាក់ឈរជើងនៅទីនោះ៕