(ឡុងដ៍)៖ ព័ត៌មានដែលទើបចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា លោកស្រីមានគំរោងក្នុងការស្នើឲ្យមានការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ គឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
សម្រាប់ការបោះឆ្នោតសកលទូទៅរបស់អង់គ្លេស នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ឯណោះទេ ប៉ុន្តែដោយសារតែភាពមិនច្បាស់លាស់ជាច្រើនបានកើតឡើង រួមទាំងបញ្ហាសន្តិសុខដែលនាំឲ្យមានរង្គោះរង្គើដល់រដ្ឋាភិបាលនោះ ទើបលោកស្រីសម្រេចរៀបចំការបោះឆ្នោតជាបន្ទាន់មួយមុនកាលកំណត់ ពោលគឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ការបោះឆ្នោតមុនកាលកំណត់ ឬបោះឆ្នោតបន្ទាន់នេះដែរ ត្រូវបានលោកស្រី May លើកឡើងថា ជាការបំពេញទៅតាមតម្រូវការបច្ចុប្បន្ន ដែលចក្រភពអង់គ្លេសចង់បាននូវ ភាពច្បាស់លាស់, ស្ថិរភាព, និងការដឹកនាំមួយដ៏ខ្លាំងក្លា អនុឡោមទៅតាមការបោះឆ្នោតប្រជាមតិ ក្នុងការចាកចេញពីសហភាពអឺរ៉ុប។
ការស្នើរបស់លោកស្រី May ខាងលើនេះ នឹងត្រូវយកទៅអនុម័តនៅក្នុងសភាអង់គ្លេស នៅថ្ងៃពុធសប្តាហ៍នេះ។ លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសរុបសេចក្តីថា ផ្លូវតែមួយគត់នៅក្នុងការធានាភាពច្បាស់លាស់ និងសន្តិសុខសម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀតនោះ គឺយើងត្រូវតែរៀបចំការបោះឆ្នោតនេះឡើង»៕