(ស៊ីដនី)៖ ក្រុមអ្នកសារព័ត៌មានលោកខាងលិច ដែលបានចូលរួមក្នុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នាឱកាសពិធីរលឹកខួបកំណើតទី១០៥ នៃអតីតបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន) បានសង្ស័យថា គ្រាប់មីស៊ីលមួយចំនួន ដែលត្រូវបានដាក់តាំងបង្ហាញ និងបង្អួតពិភពលោកនោះគឺជាអាវុធក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News របស់អូស្ត្រាលីនៅរសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន ABC News, អ្នកសារព័ត៌មានខ្លះបានរាយការណ៍ថា ក្បាលគ្រាប់មីស៊ីល និងនុយក្លេអ៊ែរ មួយចំនួនរបស់កូរ៉េខាងជើង គឺជាអាវុធក្លែងក្លាយ ផលិតឡើងដោយឈើ និងក្រដាសកាតុងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយអ្នកជំនាញដូចជា លោក Euan Graham នាយកកម្មវិធីសន្តិសុខអន្តរជាតិមក ពីវិទ្យាស្ថាន Institut Lowy បានបញ្ជាក់ថា គេមិនអាចមើលស្រាលបានឡើយចំពោះសមត្ថភាពអាវុធកូរ៉េខាងជើង។ លោក Euan Graham លើកឡើងយ៉ាងដូច្នេះថា «បើទោះជា លោក គីម ជុងអ៊ុន សម្រេចចិត្តបង្ហាញគ្រាប់មីស៊ីលក្លែងក្លាយក៏ដោយ ក៏វាមិនមែនមានន័យថា កូរ៉េខាងជើងគ្មានមីស៊ីលពិតប្រាកដនោះដែរ។ នេះអាចមកពីលោក មិនចង់ប្រថុយបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរពិតប្រាកដ ឬក៏លោកមិនចង់ឱ្យអាវុធទំាងនេះខូចខាត ឬក៏ត្រូវចំណាយប្រាក់ ដ៏ច្រើនលើសលប់ក្នុងការដឹកជញ្ជូន»។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានបរទេសជិត ២០០នាក់ បានចូលរួមនៅក្នុងពិធីព្យុហយាត្រាយោធាក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ។ ម្យ៉ាងវិញទៀតនៅឱកាសនោះដែរ ទីក្រុងព្យុងយ៉ាងមិនបានសាកល្បងអាវុធនុយក្លេអ៊ែរដូចការសន្និដ្ឋាននោះទេ នៅក្នុងបរិបទដែលសហរដ្ឋអាមេរិកគំរាមប្រើប្រាស់កម្លាំងយោធា ក៏ប៉ុន្តែកាលពីព្រឹកថ្ងៃអាទិត្យ កូរ៉េខាងជើងបែរជាបាញ់មីស៊ីលមួយគ្រាប់ទៅវិញតែបរាជ័យ។ រីឯយោធាអាមេរិកក៏មិនមានប្រតិកម្មអីធំដុំនោះដែរ ក្រៅតែពីការថ្កោលទោសចំពោះទង្វើរំលោភបំពានលើដំណោះស្រាយ UN បែបនេះ៕