(ម៉ានីល)៖ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានឲ្យដឹងថា មនុស្សយ៉ាងតិចចំនួន ២៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ផ្ទុកមនុស្សប្រមាណ ៤៥នាក់នៅលើនោះ បានជ្រុលបង្កូតធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅមួយ ស្ថិតក្នុងទីក្រុងតំបន់ភ្នំមួយកន្លែងនៅភាគខាងជើងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Associated Press នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
មន្រ្តីនៃទីភ្នាក់ងារប្រតិកម្មបន្ទាន់ចំពោះគ្រោះមហន្តរាយ លោក Mark Raymond Cano បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ហ្រ្វាំងរបស់រថយន្តដែលបានជួបគ្រោះថ្នាក់ខាងលើ ទំនងជាជាប់គាំងមិនដំណើរការ ស្របពេលដែលយានជំនិះនេះបានធ្វើដំណើរចុះពីផ្លូវចំណោតមួយខ្សែរ នៅក្នុងទីក្រុង Carranglan នៃខេត្ត Nueva Ecija ភាគខាងជើងនៃប្រទេសហ្វីលីពីន។
គួរបញ្ជាក់តាមលោក Cano ថា អ្នកដំណើរដទៃទៀតដែលសំណាងល្អ ពុំបានបាត់បង់ជីវិតនោះ ត្រូវបានជួយសង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ តែទោះជាយ៉ាងណាក្តីពួកគេភាគច្រើនបានទទួលរងរបួសធ្ងន់ធ្ងរខ្លាំង ដែលអាចនឹងមានមនុស្សស្លាប់បន្ថែមទៀត៕