(តូក្យូ)៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ ហើយសេតវិមានសង្ឃឹមថា នឹងអាចបើកច្រកទ្វារសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក និងទាក់ទាញការបណ្តាក់ទុនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីបានធ្វើការព្យាយាមផ្តល់ទំនុកចិត្តផ្អែកសន្តិសុខសាជាថ្មីដល់សម្ព័ន្ធមិត្តដ៏សំខាន់មួយនេះ ជុំវិញភាពតានតឹងនៃបញ្ហាកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
នៅក្រោយកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាកូរ៉េខាងជើងដ៏ក្តៅគគុក លោកអនុប្រធានាធិបតីអាមេរិក ក៏បានបន្តចូលរួមស្រស់ស្រូបអាហារពេលថ្ងៃត្រង់ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ មុននឹងជួបជាមួយឧបនាយករដ្ឋមន្រ្តីជប៉ុនលោក Taro Aso សម្រាប់កិច្ចសន្ទនាលើទំនាក់ទំនងសេដ្ឋកិច្ច ដែលលោក Mike Pence បានសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលវិជ្ជមាន សម្រាប់ជជែកពិភាក្សាគ្នានាពេលអនាគតដ៏វែងឆ្ងាយបន្តទៀត។
គួរបញ្ជាក់ថាលោក Mike Pence បានចាកពីប្រទេសកូរ៉េខាងត្បូង ហើយធ្វើដំណើរមកដល់ទីក្រុងតូក្យូនៅព្រឹកថ្ងៃអង្គារនេះ និងបានធ្វើការរៀបរាប់ថា សម្ព័ន្ធភាពរវាងអាមេរិក-ជប៉ុន គឺជាសរសរគោលនៃស្ថិរភាពក៏ដូចជាសន្តិសុខនៅក្នុងតំបន់។ ម៉្យាងវិញទៀតដំណើរបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅអាស៊ីរបស់លោក Mike Pence ក៏ត្រូវបានធ្វើឡើងសំដៅ គូសបញ្ជាក់ផងដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅតែមានបំណងចង់បង្កើនការធ្វើពាណិជ្ជកម្មអាមេរិក នៅក្នុងតំបន់នេះដដែល ទោះបីជាលោក ត្រាំ បានសម្រេចបោះបង់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា TPP យ៉ាងណាក្តី៕