(បាងកក)៖ មន្ត្រីម្នាក់នៃសាលាក្រុងបាងកកបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តូប ឬការលក់អាហារទាំងអស់ នៅតាមចិញ្ចើម ផ្លូវធំៗក្នុងទីក្រុងដ៏ធំនេះ នឹងត្រូវបានហាមឃាត់ក្រោមហេតុផលដើម្បីសោភណភាពទីក្រុង ខណៈក្រុមអាជីវករលក់ដូរ តាមចិញ្ចើមផ្លូវ បានរិះគន់និងសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះចំណាត់ការបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ជុំវិញចំណាត់ការនេះដែរថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប្រធានទីប្រឹក្សាអភិបាលក្រុងបាងកក លោក Wanlop Suwandee បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់តូបលក់ដូរតាមចិញ្ចើមផ្លូវទាំងអស់ រួមទំាងតូបលក់សម្លៀកបំពាក់ ឬលក់ម្ហូប អាហារជាដើម នឹងត្រូវទទួលការហាមមិនឱ្យធ្វើអាជីវកម្ម នៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងទីក្រុងបាងកក ហើយការសម្រេចចិត្តបែបនេះ គឺដើម្បីអានាម័យ សណ្ដាប់ធ្នាប់ និងសោភណភាពទីក្រុង»។
ទោះបីជាយ៉ាងណាក៏ដោយអ្នកលក់ដូរ និងអ្នករស់នៅក្នុងទីក្រុងបាងកកបានសម្ដែងការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងលើការហាមប្រាមនេះ។ ជាក់ស្ដែងទីក្នាក់ងារទេសចរណ៍ម្នាក់ គឺលោក Chiwan Suwannapak បាននិយាយថា ចំណាត់ការរបស់អាជ្ញាធរក្រុង នឹងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ថៃ។ «បើសិនជាអ្នកចង់បោសសម្អាតរាល់អ្នកលក់ដូរតាមចិញ្ចើមផ្លូវទាំងអស់ នោះវាប្រៀបបានដូចជាអ្នកបោសសម្អាត វប្បធម៌របស់យើងចេញអីចឹងដែរ»។ នេះបើតាម Chiwan Suwannapak។
គួរបញ្ជាក់ថា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ រដ្ឋាភិបាលយោធាថៃបានសន្យាថា នឹងលើកកម្ពស់សីលធម៌ និងសណ្ដាប់ធ្នាប់ឡើងវិញ។ ក៏ប៉ុន្តែការអនុវត្តន៍របស់រដ្ឋាភិបាលយោធាថៃ ក៏បានបង្កជាការរិះគន់មិនតិចនោះដែរ ដោយក្នុងនោះអ្នកខ្លះអះអាងថា ចំណាត់ការមួយចំនួនរបស់រដ្ឋាភិបាលយោធាថៃ មិនអាចជួយអ្វីបានឡើយ ក្រៅតែពីបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំង៕