(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃអង្គារនេះបានអំពាវនាវឲ្យមានការដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី ខណៈអនុប្រធានាធិបតីអាមេរិកលោក Mike Pence ក៏បានឆ្លើយតបទៅវិញថា ទីក្រុងវ៉ាស៊ីនតោនមានជម្រើសគ្រប់បែបយ៉ាង ក្នុងការតទល់គ្នាជាមួយទីក្រុង ព្យុងយ៉ាង ប៉ុន្តែប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងរួមសហការជាមួយជប៉ុន កូរ៉េខាងត្បូង ក៏ដូចជាចិន ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពដ៏សាកសម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងជំនួបពិភាក្សារវាងលោកទាំងពីរនៅឯទីក្រុងតូក្យូ បន្ទាប់ពីមេដឹកនាំជប៉ុនបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ធ្វើការដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី លោក Mike Pence បានលើកឡើងថា «យើងពិតជាសូមកោតសរសើរ ចំពោះការស៊ូទ្រាំអត់ធ្មត់របស់ប្រជាជាតិជប៉ុន នៅក្នុងពេលវេលាដ៏លំបាក នៃការកើនឡើងនូវសកម្មភាពបង្ករឿងនៅឯសមុទ្រជប៉ុន ហើយពួកយើងគាំទ្រអ្នកមួយរយភាគរយ»។
នាឱកាសនោះលោកអនុប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់ទៀតថា ទោះបីសម័យកាលនៃគោលនយោបាយអត់ធ្មត់ជាយុទ្ធសាស្រ្តត្រូវបានបញ្ចប់ ហើយជម្រើសទាំងអស់កំពុងស្ថិតក្រោមការពិចារណាយ៉ាងណាក្តី ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងនៅតែបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង រួមទាំងចិនផងដែរ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជាមួយកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានទៅដល់ប្រទេសកូរ៉េខាងត្បូង ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាត្រូវបានធ្វើឡើងឡើង មួយថ្ងៃក្រោយនៃការធ្វើព្យុហយាត្រាអបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕