(ហាណូយ)៖ សកម្មជន និងក្រុមអ្នកតវ៉ារឿងជម្លោះដីធ្លីក្នុងទីក្រុងហាណូយប្រទេសវៀតណាម ទើបតែធ្វើការដោះលែងមេបញ្ជាការប៉ូលិស និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនសរុប ៣០នាក់ បន្ទាប់ពីពួកគេត្រូវបានចាប់ជាចំណាប់ខ្មាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្រោយកម្តៅនៃជម្លោះដីធ្លីកាន់តែច្រាលឡើង។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ប្រជាជនដែលរស់នៅសង្កាត់ My Duc ជាយទីក្រុងហាណូយ បានធ្វើការចោទប្រកាន់ទៅអាជ្ញាធរក្នុងតំបន់អំពីការលេបយកដីរបស់ពួកគេ ទៅឲ្យក្រុមហ៊ុនវិនិយោគគំរោងទូរគមនាគមន៍មួយ ដោយគ្មានការសងជាសំណងដែលពួកគេអាចទទួលយកបាន។ នេះបើតាមសម្តីមេធាវីមួយរូប ដែលបានចូលរួមចរចាគ្នា រហូតដល់អាចដោះលែងមន្ត្រីរដ្ឋាភិបាល និងប៉ូលិសមួយចំនួនចេញពីការចាប់ជាចំណាប់ខ្មាំងខាងលើនេះ។
តាមសម្តីរបស់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ខាងលើនេះឲ្យដឹងថា ប្រជាជនទាំងនោះមិនមែនជាម្ចាស់របស់ដីដែលពួកគេអះអាងសិទ្ធិនោះឡើយ។ ពីដំបូងឡើយគឺប្រជាជនជាអ្នកតវ៉ារឿងដីធ្លី ០៤នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះរួមមានទាំងលោកតា វ័យ ៨៣ឆ្នាំម្នាក់ដែលជាចៅសង្កាត់ My Duc នោះផងដែរ។ តាមពិតទៅប្រជាជនបានបង្ខំចិត្តចាប់ខ្លួនប៉ូលិស និងមន្ត្រីរដ្ឋាភិបាល ៣០នាក់ធ្វើជាចំណាប់ខ្មាំងនោះ ក៏ព្រោះតែចង់ទាមទារឲ្យមានការដោះលែងសកម្មជនពួកគេ ០៤នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះឯង៕