(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា ខ្លួនមិនរំពឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងគូសបន្ទាត់ក្រហម (ព្រំដែននៃបញ្ហា ដើម្បីកុំភាគីណាមួយដើរលើស) ទៅលើបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនោះឡើយ ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តសហការជាមួយចិន ដើម្បីដោះស្រាយបញ្ហាដ៏តានតឹងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមានលោក សន ស្ពៃសឺ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការគូសបន្ទាត់ក្រហមពិតជាមិនអាចជួយអ្វីបានទាំងអស់ដូចកាលពីលើកមុនៗមក ហើយប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបិទបាំងសន្លឹកបៀររបស់លោកយ៉ាងជិតបំផុត ដែលខ្ញុំយល់ថា លោក ត្រាំ នឹងមិនលាតត្រដាងឲ្យអ្នកបានដឹងចំណាត់ការឆ្លើយតបរបស់លោកនោះទេ ប៉ុន្តែលោកប្រធានាធិបតី មិនមានគម្រោងក្នុងការគូសខ្សែបន្ទាត់ក្រហមនៅលើដីខ្សាច់ឡើយ»។
គួរបញ្ជាក់តាមលោក ស្ពៃសឺ ថា យ៉ាងណាមិញការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហារគ្រាប់មីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី កាលពីពេលកន្លងទៅនេះ គឺជាសញ្ញាមួយបង្ហាញថា លោក ដូណាល់ ត្រាំ អាចនឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងនៅក្នុងករណីដែលចាំបាច់។ ម៉្យាងវិញទៀតទីក្រុងវ៉ាស៊ីនតោន ក៏នឹងមិនបញ្ឈប់ការសហការគ្នាជាមួយចិន ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដែរ៕