(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅកាន់សមភាគីតួកគី លោក រ៉េសិប តាយយីប អឺដូហ្កាន់ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីអបអរសាទរជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតប្រជាមតិស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយទទួលសំឡេងគាំទ្រ ៥១ភាគរយ កាលពីថ្ងៃអាទិត្យ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសេតវិមានអាមេរិក ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ប្រតិកម្មរបស់លោក ត្រាំ នៅពេលនេះគឺផ្ទុយទំាងស្រុងទៅនឹងបណ្ដាមេដឹកនាំអឺរ៉ុប និងក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅក្នុងប្រទេសតួកគី ដែលបានបង្ហាញក្ដីព្រួយបារម្ភ និងរិះគន់លើការបោះឆ្នោតប្រជាមតិនេះ។ សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានឱ្យដឹងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយ៉ីប អឺដូហ្កាន់ ដើម្បីអបអរសាទរជ័យជម្នះ ទៅលើការបោះឆ្នោតប្រជាជាមតិ ហើយមេដឹកនាំទំាងពីរក៏បានពិភាក្សាគ្នាផងដែរ ទាក់ទិននឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងរបបដឹកនាំស៊ីរី ជុំវិញការចោទប្រកាន់ថា បានប្រើប្រាស់អាវុធគីមីសម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃទី០៤ ខែមេសា ព្រមទំាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរក្នុងការកម្ចាត់ពួក ISIS»។
គួរបញ្ជាក់ថា ផ្អែកលើការបោះឆ្នោតប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ នឹងកាន់តែមានអំណាចខ្លាំងជាងមុនទៅទៀត រហូតដល់មានសិទ្ធិរំលាយសភា និងតែងតាំងរដ្ឋមន្ត្រីជាដើម ហើយមិនតែប៉ុណ្ណោះលោក អឺដូហ្កាន់ ផ្ទាល់ក៏បានសន្យាដែរថា លោកអាចនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយផ្សេងទៀត លើការដាក់ឱ្យដំណើរការឡើងវិញទោសប្រហារជីវិតនៅក្នុងប្រទេសតួកគី៕