(ប៉ារីស)៖ បន្ទាប់ពីមានបាតុកម្មផ្ទុះឡើង ដែលប៉ុនប៉ងដើម្បីបង្កភាពរាំងស្ទះដល់ការជួបជុំជាមួយអ្នកគាំទ្រ បេក្ខភាពប្រធានាធិបតីបារាំងដ៏មានប្រជាប្រិយមួយរូប គឺលោកស្រី Marine Le Pen បានគូសបញ្ជាក់ យ៉ាងមុតមាំសាជាថ្មីម្តងទៀត ចំពោះពាក្យសន្យារបស់លោកស្រីក្នុងការការពារប្រទេសបារាំង ពីទុក្ខសោកទាំងឡាយ ដែលកើតចេញពីពិភពសកលភាវូបនីយកម្ម រួមទាំងបញ្ហាអន្តោប្រវេសន៍ ដ៏យ៉ាប់យឺននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រជាច្រើននាក់ នៅភាគឦសាននៃទីក្រុងប៉ារីសនាថ្ងៃចន្ទ លោកស្រី Le Pen ដែលមានគោលជំហរប្រឆាំងនឹងសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា បញ្ហាអន្តោប្រវេសន៍មិនមែនជាឱកាសនោះឡើយ ប៉ុន្តែគឺជាសោកនាដកម្មមួយទៅវិញទេសម្រាប់ប្រទេសបារាំង ហើយប្រសិនបើលោកស្រីជាប់ឆ្នោតក្លាយជាប្រធានាធិបតី អ្នកនយោបាយស្តាំនិយមរូបនេះ បានសន្យាថា នឹងដឹកនាំប្រទេសបារាំងចាកចេញពីភាពវឹកវរនេះ។ ជាមួយគ្នានោះ លោកស្រី Le Pen ក៏បានលើកឡើងដែរថា នឹងផ្លាស់ប្តូរទិសដៅរបស់បារាំងចេញពីសហភាពអឺរ៉ុប ដោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយចំនួន។
គួរបញ្ជាក់ថា បរិយាកាសនៅក្នុងរដ្ឋធានីនៃប្រទេសបារាំង កំពុងស្ថិតក្នុងស្ថានភាពយ៉ាងក្តៅគគុក ហើយក៏មានការប៉ះទង្គិចគ្នាបន្តិចបន្តួចផងដែរ នៅក្បែរកន្លែងជួបជុំរបស់លោកស្រី Le Pen ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខបង្រ្កាបភ្លាមៗ។ ដោយឡែកខណៈពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំដំបូង នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យសប្តាហ៍នេះហើយនោះ លោកស្រី Le Pen នឹងបេក្ខជនប្រធានាធិបតីមួយរូបទៀតគឺលោក Manuel Macron កំពុងទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាយ៉ាងស្វិតស្វាញបំផុត៕