(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer បានអះអាងថា ក្រុមរដ្ឋមន្ត្រីនៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ទំនងជាអាចនឹងសុំលាលែងចេញពីមុខតំណែង បន្ទាប់ពីពួកគេត្រូវបានដាក់ នៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ខណៈលោកផ្ទាល់ក៏ត្រូវបានគេចោទប្រកាន់ ផងដែរថា បានស្នើឱ្យក្រុមហ៊ុនសំណង់ Odebrecht បង់ប្រាក់ខុសច្បាប់ជាង ៤០លានដុល្លារ ដល់គណបក្សនយោបាយរបស់លោក កាលពីឆ្នាំ២០១០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
កាលពីសប្ដាហ៍មុនតុលាការកំពូលប្រេស៊ីល បានបើកស៊ើបអង្កេតលើរដ្ឋមន្ត្រីចំនួន០៨រូប ឬស្មើនឹងជិតមួយភាគបីនៃគណៈរដ្ឋមន្ត្រីលោក Temer បន្ទាប់ពីពួកគេត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយទាក់ទិននឹងក្រុមហ៊ុនសំណង់ Odebrecht។ ដោយឡែកជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍តាមវិទ្យុ លោក Temer បានលើកឡើងដូច្នេះថា «រឿងអាស្រូវពុករលួយនេះគឺជារឿងមួយដ៏អាម៉ាស់ ដែលអាចនឹងបង្ខំឱ្យ រដ្ឋមន្ត្រីជាច្រើននាក់សុំចុះចេញពីតំណែង ពីព្រោះវាបានធ្វើឱ្យប៉ះទង្គិចដល់អារម្មណ៍ រហូតដល់ពួកគេយល់ថា មិនអាចបន្តធ្វើការងារតទៅទៀតបាន»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីទំាង០៨នាក់របស់លោក Michel Temer ដែលស្ថិតនៅក្រោមការស៊ើបអង្កេតរឿងពុករលួយក្នុងនោះរួមមានទំាងទីប្រឹក្សាដ៏ជិត ស្និតរបស់លោកគឺលោក Eliseu Padilha ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សដ៏សំខាន់សម្រាប់កិច្ចចរចាកំណែទម្រង់ប្រាក់សោតធននិវត្តន៍ កាត់ បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបំណុលសាធារណៈជាដើម៕