(ស៊ីដនី)៖ អង្គការពាណិជ្ជកម្មនាំមុខមួយរបស់អូស្ត្រាលី បានចេញសេចក្តីព្រមាននៅថ្ងៃអង្គារនេះថា និមិត្តរូបជាតិគឺវិមាន Opera House របស់ប្រទេសអូស្ត្រាលី នឹងអាចទទួលរងការវាយប្រហារដោយអំពើភេរវកម្ម ប្រសិនបើប្រព័ន្ធសន្តិសុខមិនត្រូវបានរឹតបន្តឹងទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ការព្រមានខាងលើនេះ ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗកន្លងទៅ គេបានសង្កេតឃើញករណីមិនប្រក្រតីមួយចំនួនបានកើតឡើង ដូចជារថយន្តខ្លះបានបើកឡើងទៅលើចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង ដោយគ្មានការរារាំង និងដាក់របាំងការពារគ្រប់គ្រាន់ពីសមត្ថកិច្ច។ ប្រការនេះបានទទួលការព្រមានថា ការវាយប្រហារដូចជាការបើករថយន្តបំបុកមនុស្សទីក្រុងឡុងដ៍ របស់អង់គ្លេស និងទីក្រុង Nice ប្រទេសបារាំង ងាយនឹងកើតឡើងណាស់នៅតំបន់ក្បែរវិមាន Opera House ដ៏ល្បីល្បាញលើសកលលោកនេះ។
លោកស្រី Patricia Forsythe នាយកប្រតិបត្តិនៃអង្គការពាណិជ្ជកម្ម ប្រចាំទីក្រុងស៊ីដនីបានននិយាយថា ការមិនបានត្រួតពិនិត្យផ្នែកសន្តិសុខដ៏ត្រឹមត្រូវ នៅតំបន់ទេសចរណ៍ដែលជានិមិត្តរូបរបស់អូស្ត្រាលីនេះ គឺជាក្តីព្រួយបារម្ភមួយ ហើយអាជ្ញាធរត្រូវតែធ្វើការធានាឡើងវិញនូវសុវត្ថិភាព សម្រាប់អ្នកដែលប្រើចិញ្ចើមផ្លូវសម្រាប់ដើរនោះ៕