(សេអ៊ូល)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតតាមរយៈតំណាងពិសេសរបស់ខ្លួន ប្រចំាអង្គការសហប្រជាជាតិ UN លោក Kim In Ryong បានព្រមានថា សង្រ្គាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើងគ្រប់ពេលវេលាជាមួយសហរដ្ឋអាមេរិក នៅក្នុងករណីមានការវាយប្រហារណាមួយមកលើប្រទេសកុម្មុយនីស្ដឯកោមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Kim In Ryong ធ្វើឡើងបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រាប់កូរ៉េខាងជើងត្រង់ៗថា កុំចង់ព្យាយាម សាកល្បងជាមួយការអត់ធ្មត់របស់សហរដ្ឋអាមេរិក ហើយថា ការបាញ់សាកល្បងមីស៊ីលបរាជ័យកាលពីព្រឹកថ្ងៃ អាទិត្យពីសំណាក់ទីក្រុងព្យុងយ៉ាងគឺជាចេតនាបង្ករឿងសុទ្ធសាធ។
ទោះបីយ៉ាងណាថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯ UN លោក Kim In Ryong បានចោទប្រកាន់ថា ភាពតានតឹងកើតឡើងដោយសារតែសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធយុទ្ធសាស្ត្រ នៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង និងបញ្ជូនកងនាវាចម្បាំងមកក្បែរតំបន់ឧបទ្វីបកូរ៉េ ដែលនេះគឺជាសកម្មភាពមួយត្រៀមឈ្លានពានកូរ៉េខាងជើង ព្រមទំាងធ្វើឱ្យតំបន់ឧបទ្វីបកូរ៉េ ស្ថិតនៅមាត់ជ្រោះនៃសង្រ្គាម។ លោក Kim បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកបានបង្កឱ្យស្ថានភាពបច្ចុប្បន្នប្រែជាគ្រោះថ្នាក់ ហើយសង្រ្គាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើងគ្រប់ពេលវេលា នៅក្នុងតំបន់ឧបទ្វីកូរ៉េ ដែលនេះនឹងគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពពិភពលោកទំាងមូល (...) កូរ៉េខាងជើងបានត្រៀមខ្លួនរួចស្រេចក្នុងការធ្វើសង្រ្គាមតាមដែលសហរដ្ឋអាមេរិកចង់បាន»។
គួរបញ្ជាក់ថា បើតាមលោក Kim In Ryong កូរ៉េខាងជើង បានផ្ញើលិខិតជាច្រើនដងទៅកាន់អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសចំពោះសកម្មភាពរំលោភបំពាន របស់សហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនបានរវីលរវល់នោះទេ ខណៈកូរ៉េខាងជើងខ្លួនឯងបានរំលោភជាច្រើនដងលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។
តាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី១៨ ខែមេសានេះបានឲ្យដឹងថា កូរ៉េខាងជើងនឹងបន្តសាកល្បងមីស៊ីល បើទោះបីមានការថ្កោលទោសពីអន្តរជាតិ និងការកើនឡើងភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេស កូរ៉េខាងជើងលោក Han Song-Ryol ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន BBC ឲ្យដឹងយ៉ាងដូច្នេះ។
លោក Han Song-Ryol អនុរដ្ឋមន្ត្រីការបរទេសបានថ្លែងប្រាប់លោក John Sudworth ភ្នាក់ងារព័ត៌មានរបស់ BBC នៅក្នុងកិច្ចសម្ភាសន៍ នាទីក្រុងព្យុងយ៉ាង ឲ្យដឹងយ៉ាងដូច្នេះថា «យើងនឹងត្រូវធ្វើការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត នៅលើមូលដ្ឋានជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ»។ លោកបានបន្តប្រាប់ថា សង្គ្រាមទាំងអស់នឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា»។
កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិក បានទៅដល់កូរ៉េខាងត្បូង ដោយបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយ មួយថ្ងៃនៃការធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕