(សេអ៊ូល)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នៅថ្ងៃអង្គារនេះបាននិយាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងពិនិត្យឡើងវិញក៏ដូចជាកែទម្រង់កិច្ចព្រមព្រៀងពាណិជ្ជកម្ម រយៈពេល០៥ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំពាណិជ្ជកម្មធំៗនៅក្នុងទីក្រុងសេអ៊ូល លោក Pence បានគូសបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មអាមេរិក បានកើនឡើងទ្វេដងនារយៈពេល០៥ឆ្នាំចាប់តាំងពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ខណៈឧបសគ្គជាច្រើនក៏បានរាំងស្ទះផងដែរ ដល់ពាណិជ្ជកម្មអាមេរិកនៅកូរ៉េខាងត្បូង។ ជាក់ស្ដែងនៅមុនពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ចូលជាធរមានកាលពីឆ្នាំ២០១២ ការធ្វើពាណិជ្ជកម្មលើសរបស់កូរ៉េខាងត្បូងឈរនៅត្រឹមតែ ១១.៦ពាន់លានដុល្លារនៅចុងឆ្នាំ២០១១ និង កើនដល់ ២៣.២ពាន់លានដុល្លារក្នុងឆ្នាំ២០១៦។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ អនុប្រធានាធិបតីលោក Mike Pence នឹងបន្តបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ៕