(កូរ៉េខាងជើង)៖ តាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាយប់ជ្រៅឆ្លងចូលថ្ងៃទី១៨ ខែមេសានេះបានឲ្យដឹងថា កូរ៉េខាងជើងនឹងបន្តសាកល្បងមីស៊ីល បើទោះបីមានការថ្កោលទោសពីអន្តរជាតិ និងការកើនឡើងភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេស កូរ៉េខាងជើងលោក Han Song-Ryol ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន BBC ឲ្យដឹងយ៉ាងដូច្នេះ។
លោក Han Song-Ryol អនុរដ្ឋមន្ត្រីការបរទេសបានថ្លែងប្រាប់លោក John Sudworth ភ្នាក់ងារព័ត៌មានរបស់ BBC នៅក្នុងកិច្ចសម្ភាសន៍ នាទីក្រុងព្យុងយ៉ាង ឲ្យដឹងយ៉ាងដូច្នេះថា «យើងនឹងត្រូវធ្វើការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត នៅលើមូលដ្ឋានជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ»។ លោកបានបន្តប្រាប់ថា សង្គ្រាមទាំងអស់នឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា»។
សូមជំរាបថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ទៅកាន់តំបន់ព្រំដែនគ្មានកងទ័ព DMZ រវាងប្រទេសកូរ៉េទាំងពីរ លោក Mike Pence បានថ្លែងព្រមានចំពោះកូរ៉េខាងជើង «កុំចង់សាកល្បងចំពោះភាពអត់ធ្មត់របស់អាមេរិក ឬក៏កម្លាំងនៃយោធារបស់អាមេរិកឲ្យសោះ!»។ លោកបានបន្តថា សម័យកាលនៃភាព អត់ធ្មត់ជាយុទ្ធសាស្ត្រ បានបញ្ចប់ហើយ, ចិនគួរដាក់សម្ពាធឲ្យធ្ងន់ធ្ងរបំផុតដល់កូរ៉េខាងជើង។
លោក Pence ដែលបានហៅការធ្វើតេស្តមីស៊ីលកូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យថា «ជាការបង្កហេតុ» ហើយវាពិតជាបង្កគ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ មានក្តីរំពឹងខ្ពស់ថា ប្រទេសចិននឹងប្រើប្រាស់ទម្ងន់ដ៏អស្ចារ្យរបស់ខ្លួន ដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង ឲ្យលះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីល។
កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិក បានទៅដល់កូរ៉េខាងត្បូង ដោយបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយ មួយថ្ងៃនៃការធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕