(អាមេរិក)៖ កូរ៉េខាងជើងបានបង្ហាញអាកប្បកិរិយាមើលងាយមន្ត្រីទូតចិនយ៉ាងខ្លាំង តាមរយៈការបដិសេធមិនជួបពិភាក្សាជាមួយមន្ត្រីទូតចិន បើទោះបីជាមាន ការស្នើសុំយ៉ាងគួរសមក៏ដោយ អំឡុងពេលដែលឧបទ្វីបកូរ៉េ កំពុងតែស្ថិតនៅក្នុងភាពតានតឹងបំផុតនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នារសៀលថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។
តាមពិតទៅទីក្រុងព្យុងយ៉ាងមិនបានធ្វើការឆ្លើយតបណាមួយ ទៅនឹងសំណើជាច្រើនដងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងលោក Wu Dawei ប្រេសិតកំពូលនៃប្រទេសចិនសម្រាប់កិច្ចការនុយក្លេអ៊ែរចំពោះកូរ៉េខាងជើង ដើម្បីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើង ដែលប្រការនេះត្រូវបានគេមើលឃើញថា វាមិនខុសអ្វីទៅនឹងការបដិសេធដោយការមិនហាស្តី ដែលជារឿងមិនសមគួរបំផុតដែលកូរ៉េខាងជើងហ៊ានធ្វើដាក់ចិនជាមហាមិត្តនោះ។
គួរបញ្ជាក់ថា ការវិវឌ្ឍន៍នៃទំនាក់ទំនងរកាំរកូសបន្ថែមទៀត រវាងចិន-កូរ៉េខាងជើងនេះ បានកើតមានឡើងបន្ទាប់ពីជំនួបរវាងលោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក។ ហើយប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មធ្ងន់ធ្ងរមួយដែរទៅលើប្រទេសកូរ៉េខាងជើង នោះគឺការផ្អាកការនាំចូលរ៉ែធ្យូងថ្ម ដែលជាវត្ថុធាតុដើមសំខាន់ ក្នុងវិស័យនាំចេញរបស់ទីក្រុងព្យុងយ៉ាង ទៅកាន់ប៉េកាំង។
ក៏ប៉ុន្តែទំនាក់ទំនងនេះវាមិនមែនទើបតែចាប់ផ្អើមល្អក់កករនោះឡើយ។ បើគិតចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់តំណែងកាលពីឆ្នាំ២០១២ និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិនឡើងកាន់អំណាចនៅឆ្នាំ២០១៣ មេដឹកទាំងពីរដែលជាសម្ព័ន្ធមិត្តមិនអាចខ្វះគ្នាបាននោះ បែរជាមិនដែលបានជួបទល់មុខគ្នាម្តងនោះឡើយ ដែលវាពិតជាផ្ទុយស្រឡះទាំងស្រុងពីអតីតរបបដឹកនាំទី១ និងទី២ របស់ត្រកូល គីម នៅក្នុងប្រទេសកូរ៉េខាងជើង។
ការវិវឌ្ឍន៍នេះត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា លោក ត្រាំ កាលពីក្នុងជំនួបដំបូងជាមួយលោក ស៊ី ជិនពីង នៅរដ្ឋផ្លូរីដា លោកប្រហែលជាបានដាក់សម្ពាធណាមួយទៅលើប្រធានាធិបតីចិនរូបនេះហើយ ទើបធ្វើឲ្យចិនហាក់រឹតបន្តឹងកាន់តែខ្លាំងលើកូរ៉េខាងជើង៕