លោក ដូណាល់ ត្រាំ៖ «អាមេរិកគ្មានជម្រើសអ្វី ក្រៅពីការពង្រីកអំណាចយោធា ឲ្យខ្លាំងជាងពេលណាៗទាំងអស់!»
17-04-2017 16:57
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកគ្មានជម្រើសអ្វីក្រៅ តែពីការពង្រីកអំណាចយោធា ដែលការថ្លែងនេះលោក ចង់សំដៅទៅចំណាត់ការថ្មីៗ ដែលអាមេរិកទើបអនុវត្តន៍ ដូចជាការទម្លាក់មហាកំពូលគ្រាប់បែក Mother of all Bombs នៅអាហ្វហ្គានីស្ថាន ព្រមទាំងការបាញ់មីស៊ីល នៅស៊ីរីជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នារសៀលថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានបញ្ជាក់តាមបណ្តាញ Twitter ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «យោធារបស់យើងកំពុងតែបង្កើនឥទ្ធិពល និងកំពុងក្លាយជាយោធាដ៏ខ្លាំងបំផុត មិនធ្លាប់មានពីមុនមក»។ ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងខណៈដែលមនុស្សជំនិតរបស់លោក គឺអនុប្រធានាធិបតី Pence កំពុងបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ដែលចាប់ផ្តើមពីកូរ៉េខាងត្បូងមុនគេ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះសហរដ្ឋអាមេរិក ហាក់បង្ហាញសាច់ដុំយោធា និងការវាយលុកទ្រង់ទ្រាយធំមិនធ្លាប់មាន ដូចជាការបាញ់មីស៊ីល ៥៩គ្រាប់លើស៊ីរី, ការធ្វើតេស្តមហាកំពូលគ្រាប់បែក MOAB ដ៏ខ្លាំងក្លាដែលមានទម្ងន់ជិត ១០តោននៅអាហ្វហ្គានីស្ថាន, និងការចល័តនាវាដឹកយន្តហោះចម្បាំងទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីកំញើញកូរ៉េខាងជើងជាដើម៕