(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានសម្រចធ្វើការចោទកាន់ជាផ្លូវការលើ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ និងប្រធានក្រុមហ៊ុន Lotte Group លោក Shin Dong-bin ពីបទប្រព្រឹត្តអំពើពុករលួយ ដែលនាំឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងរង្គោះរង្គើរយ៉ាងខ្លាំងរាប់ខែមកហើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។
ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់លោកស្រី ផាក ថាបានផ្សំគំនិតជាមួយមិត្តភក្តិឈ្មោះ ឆយ ស៊ូនស៊ីល ក្នុងការលេបទឹកប្រាក់ ១៦លានដុល្លារអាមេរិកពីក្រុមហ៊ុន Lotte។ លោកស្រី ផាក បានទទួលរងការចោទប្រកាន់ទៀតថា បានប្រើប្រាស់អំណាចជាប្រធានាធិបតី កៀបសង្កត់អ្នកជំនួញនានា ឲ្យធ្វើការផ្តល់ជំនួយដល់មូលនិធិសប្បុរសធម៌របស់ ឆយ ស៊ូនស៊ីល ដោយគ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Lotte បានច្រានចោលនូវការចោទប្រកាន់ទាំងអស់ ជាពិសេសគឺទំនាក់ទំនងជាមួយនឹងលោកស្រី ផាក ហើយសូម្បីតែលោកស្រី ផាក ខ្លួនឯង និងលោកស្រី ឆយ ក៏នៅតែបន្តច្រានចោល នូវរាល់ការចោទប្រកាន់ទាំងអស់ផងដែរ៕