(ប៊ែរ៉ូត)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយ Update នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះបានឲ្យដឹងថា ការបំផ្ទុះរថយន្តអត្តឃាតមួយបានកើតឡើងនៅថ្ងៃសៅរ៍ ស្ថិតនៅក្បែររថយន្តក្រុងជាច្រើនគ្រឿង នៅទីក្រុងជាប់ជាយខេត្តអាឡេប៉ូ ដែលទាហានស៊ីរី ទើបតែទទួលបានមកវិញពីពួកឧទ្ទាម បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១២៦នាក់ ក្នុងនោះភាគច្រើនជាកុមាររហូតដល់៦៨នាក់បានស្លាប់។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហារខាងលើនេះកើតឡើងនៅក្នុងសង្កាត់ Rashidin នៃភាគខាងលិចខេត្តអាឡេប៉ូ ដែលមានគោលដៅទៅលើប្រជាជនដែលភៀសខ្លួនពីទីក្រុង Fuaa និង Kafraya ដែលរដ្ឋាភិបាលស៊ីរីទទួលកាន់កាប់មកវិញ បន្ទាប់ពីមានការព្រមព្រៀងគ្នាជាមួយពួកឧទ្ទាម។
គួរបញ្ជាក់ថា ជនបំផ្ទុះអត្តឃាតម្នាក់បានឱបគ្រាប់បែកចូលទៅក្បួនរថយន្តមួយ ដែលចតនៅក្បែររថយន្តក្រុងដឹកមនុស្សភៀសខ្លួនជាច្រើន រួចក៏បំផ្ទុះខ្លួនឯងឡើងតែម្តង។ មនុស្សស្លាប់អាចនឹងបន្តកើនចំនួនថែមទៀត ក៏ព្រោះតែអ្នករងរបួសមានរហូតដល់ទៅរាប់សិបនាក់ទៀតឯណោះ។ រដ្ឋបាលស៊ីរីបានអះអាងថា វាជាទង្វើរបស់ក្រុមភេរវករ (ចង់សំដៅលើក្រុមប្រឆាំងទាំងអស់ រួមទាំងក្រុម ISIS ផងដែរ)៕