(អាមេរិក)៖ ខ្សែភាពយន្តដ៏អស្ចារ្យ Fast and Furious ទី៨ ឬ Fast 8 បានបុកទំលុះខ្សែបន្ទាត់, ក្លាយជាខ្សែភាពយន្តដែលមានការបើកសម្ពោធធំជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយតាមតារាង Box office ភាពយន្តដែលគ្រប់គ្នាទន្ទឹងរង់ចាំ អស់រាប់ខែមកនេះអាចរកចំណូលបាន ៥៣២.៥លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧ ដោយយោងតាមក្រុមហ៊ុនផលិតភាពយន្ត Universal Pictures។
ការបំបែកកំណត់ក្នុងការចាប់ផ្តើមដាក់បញ្ចាំងដំបូងរបស់ Fast and Furious គឺបានផ្តួលកំណត់ត្រាចាស់រឿង The Force Awaken របស់ Disney កាលពីឆ្នាំ២០១៥ ដែលរកចំណូលបានតែ ៥២៩លានដុល្លារប៉ុណ្ណោះ។ សម្រាប់ Fast and Furious «Fast8» ឥឡូវនេះត្រូវបានដាក់បញ្ចាំងនៅអាមេរិកខាងជើង និងទីផ្សារអន្តរជាតិចំនួន ៦៣ប្រទេស ក្នុងនោះរួមមានទីផ្សារធំៗ ដូចជា ចិន ចក្រភពអង់គ្លេស និងមិចស៊ីកូ ក្នុងនោះក៏មានកម្ពុជាផងដែរ។
ក្រៅពីការបំបែកកំណត់ត្រា នៃការរកចំណូលបានច្រើនបំផុតនៅថ្ងៃដាក់បញ្ចាំងដំបូង Fast and Furious «Fast8» ក៏បានបំបែកកំណត់ត្រាមួយទៀតដែរ នោះគឺជា ភាពយន្តដែល ធ្វើការចាប់ផ្តើមចាក់បញ្ចាំង នៅច្រើនប្រទេសជាងគេលើទីផ្សារអន្តរជាតិនានា ក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តពិភពលោកតែម្តង។ ខ្សែភាពយន្តនេះអាចរកបានចំណូល ៤៣២.២លានដុល្លារទៅហើយពីទីផ្សារអន្តរជាតិ និង១០០.២លានដុល្លារនៅក្នុងស្រុក (អាមេរិក)។ បើរំលឹកទៅរឿង Jurassaic World ដែលល្បីល្បាញកាលពីឆ្នាំ២០១៥ អាចរកបានតែ ៣១៦លានដុល្លារប៉ុណ្ណោះពីអន្តរជាតិ៕