(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster បាននិយាយថា បញ្ហារបស់កូរ៉េខាងជើង គឺឈានឡើងដល់កម្រិតកំពូលហើយ ដោយពេលនេះយើងមានជម្រើសគ្រប់យ៉ាងនៅលើតុរួចជាស្រេច ដោយត្រូវរង់ចាំការវិវឌ្ឍន៍បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។
ទោះបីជាលោក McMaster អះអាងថា បញ្ហាកូរ៉េខាងជើងកំពុងតែក្តៅគគុកក្តី ក៏លោកបានសង្កត់ធ្ងន់ថា អាមេរិកមិនរំពឹងក្នុងការប្រើប្រាស់កម្លាំងយោធានោះឡើយ។ លោក McMaster បានលើកឡើងនៅថ្ងៃអាទិត្យយ៉ាងដូច្នេះថា «លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ហើយថា លោកនឹងមិនបណ្តោយឲ្យសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តនៅក្នុងតំបន់ទទួលរងការគំរាមពីរបបដឹកនាំដ៏គគ្លើន ដែលមានអាវុធនុយក្លេអ៊ែរនោះឡើយ។ ហេតុដូច្នេះយើងនឹងធ្វើការងារជាមួយគ្នា ជាមួយសម្ព័ន្ធមិត្ត និងដៃគូ ព្រមទាំងជាមួយរបបដឹកនាំចិន ដើម្បីបង្កើតនូវជំរើសនៃដោះស្រាយលើបញ្ហានេះ»។
គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសហការជាមួយនឹងមន្ទីរបញ្ចកោណ និងក្រសួងការបរទេស ព្រមទាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនានា ដើម្បីស្វែងរកដំណោះស្រាយ ដោយនៅពេលនេះ វាត្រូវបានរៀបចំរួចរាល់ហើយសម្រាប់ដាក់ជូនលោក ដូណាល់ ត្រាំ ដែលដំណោះស្រាយនោះ គឺសម្រាប់ចាត់ការកូរ៉េខាងជើង នៅពេលដែលរដ្ឋនេះបញ្ចេញភាពគគ្លើនបន្ថែមទៀត ដោយមិនព្រមស្តាប់តាមការអំពាវនាវរបស់អន្តរជាតិនោះ៕