(សេអ៊ូល)៖ សមយុទ្ធយោធាជើងអាកាសរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងទ្រង់ទ្រាយធំ បានចាប់ផ្តើមទៀតហើយ ដោយមានការចូលរួមពីកងកម្លាំងសរុប ១,០០០នាក់ និងយន្តហោះចម្បាំងជាច្រើនគ្រឿង ដើម្បីធ្វើការហ្វឹកហ្វឺនសមត្ថភាពប្រយុទ្ធនៅដែនអាកាស ត្រៀមទប់ទល់នឹងការបង្កហេត ណាមួយពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។
សមយុទ្ធខាងលើនេះមានឈ្មោះថា Max Thunder នឹងត្រូវអូសបន្លាយរយៈពេលពីរសប្តាហ៍ ដែលស្ថិតនៅក្នុងចំណោមសមយុទ្ធប្រចាំឆ្នាំ ដែលកូរ៉េខាងត្បូង-អាមេរិកតែងតែ ធ្វើផងដែរ ដែលលើកនេះវាត្រូវបានចាប់ផ្តើមឡើងនៅឯមូលដ្ឋានទ័ពអាកាស Kunsan ស្ថិតនៅភាគនរិតីនៃឧបទ្វីបកូរ៉េ ហើយវាត្រូវបានរៀបចំឡើងស្របពេលដែលឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងភាពតានតឹង ដោយសារតែការធ្វើតេស្តមីស៊ីលថ្មីរបស់កូរ៉េខាងជើង កាលពីព្រឹកថ្ងៃម្សិលមិញ។
គួរបញ្ជាក់ថា សមយុទ្ធយោធាជើងអាកាសលើកនេះ មានការចូលរួមដោយយន្តហោះចម្បាំងទំនើបៗជាច្រើនរបស់អាមេរិកដូចជា F-16s, AV-8Bs, និង EA-18Gs ដែលត្រូវបាននាំយកពីមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង និងជប៉ុន។ ដោយឡែកកូរ៉េខាងត្បូង បានបញ្ជូនយន្តហោះ F-15k, F-5E និង F-4E ទៅចូលរួមសមយុទ្ធ រួមជាមួយនឹងយន្តហោះយោធាមួយចំនួនទៀតដែរ៕