(សេអ៊ូល)៖ នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់លោក Mike Pence អនុប្រធានាធិបតីអាមេរិកមកកាន់ប្រទេសកូរ៉េខាងត្បូងនោះ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនគ្មានកងទ័ព DMZ ដែលជាចំណុចរសើប និងជាតំបន់ក្តៅដែលកូរ៉េទាំងពីរធ្លាប់ប្រយុទ្ធស៊ីសាច់គ្នា កាលពីជាង ៦០ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងច្បាស់ថានៅវេលាណាដែលលោក Pence នឹងទៅកាន់តំបន់ DMZ នោះឡើយ ប៉ុន្តែលោក Pence នឹងស្តាប់បទអត្ថាធិប្បាយជាបឋម របស់អគ្គមេបញ្ជាកងទ័ពអាមេរិក នៅកូរ៉េខាងត្បូងលោកឧត្តមសេនីយ៍ Vincent K. Brooks ជាមុនសិនចំពោះស្ថានភាពនៃកងកម្លាំងអាមេរិក ដែលកំពុងតែប្រុងជើងការនៅកូរ៉េខាងត្បូងនោះ។
នៅថ្ងៃអាទិត្យម្សិលមិញនេះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ការបាញ់មីស៊ីលបរាជ័យរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃអាទិត្យ គឺជាការបង្កហេតុសុទ្ធសាធ ហើយវាពិតជានឹងបង្កគ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ។
ក្រៅពីការលើកឡើងរបស់លោក Pence ខាងលើនេះ ខាងសេតវិមានអាមេរិកក៏បានប្រកាសដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានត្រៀមកញ្ចប់នៃជម្រើសរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហាកូរ៉េខាងជើងនេះមានទាំងយោធា ការទូត និងជម្រើសផ្សេងៗទៀត ដែលរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។
លោក Pence បានលើកឡើងអំឡុងពេលលោកកំពុងមានវត្តមាន នៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ការបង្កហេតុនៅព្រឹកនេះដោយកូរ៉េខាងជើង គឺជាការក្រើនរំលឹកចុងក្រោយ នៃហានិភ័យ ដែលអ្នកប្រឈមមុខជារៀងរាល់ថ្ងៃ នៅក្នុងការការពារសេរីភាពនៃប្រជាជនរបស់កូរ៉េខាងត្បូង និងកិច្ចការពារចំពោះអាមេរិក នៅក្នុងផ្នែកមួយនៃសកលលោក»។
ការថ្លែងរបស់លោក Pence បានធ្វើឡើងនៅក្នុងមូលដ្ឋានយោធា Yongsan នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចចាប់ដំបូងនៃទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកនៅអាស៊ី។ លោក Pence បានពាំនាំពាក្យលោក ត្រាំ មកប្រាប់កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង យ៉ាងដូច្នេះថា «យើងពិតជាមានមោទនភាពណាស់ ចំពោះអ្នក ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មរបស់អ្នក»។
សម្រាប់ការធ្វើទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក មកកាន់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ បានកើតតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីល ប៉ុន្តែបរាជ័យ ដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយមួយថ្ងៃនៃការ ធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕