(អ៊ីស្តង់ប៊ុល)៖ នៅទីបំផុតលោក អឺដូហ្គាន់ (Tayyip Erdogan) ប្រធានាធិបតីតួកគី បានប្រកាសពីភាពជោគជ័យ នៃលទ្ធផលបោះឆ្នោតប្រជាមតិ ដើម្បីផ្តល់អំណាចពេញដៃដល់ ប្រធានាធិបតីតួកគី នេះបើយោងតាមសារព័ត៌មានតួកគីចេញផ្សាយនៅមុននេះបន្តិច នាយប់ឆ្លងចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ។
ភាពវិជ្ជមានកាន់តែច្រើនឡើង បានទៅលើប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ហើយដោយសំឡេងឆ្នោត «គាំទ្រ ឬ Yes» បាននាំមុខនៅក្នុងលទ្ធផល សម្រាប់ការរាប់ សំឡេងឆ្នោតនៅទូទាំងប្រទេស។ ភាពជោគជ័យនេះ គណបក្សប្រឆាំងនៅតួកគី មិនទទួលស្គាល់ ហើយបានប្រកាសទាមទារឲ្យមានការរាប់ឡើងវិញ។
សូមជំរាបថា ប្រជាពលរដ្ឋតួកគីទាំងអស់ បានចាប់ផ្តើមទៅធ្វើការបោះឆ្នោតប្រជាមតិ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីកំណត់ជោគវាសនា ប្រទេសរបស់ពួកគេ តាមរយៈការគាំទ្រ ឬមិនគាំទ្រ ចំពោះកំណែទម្រង់រដ្ឋធម្មនុញ្ញដែលនឹងផ្តល់អំណាចពេញដៃដល់ប្រធានាធិបតីនោះ។ ប្រសិនជាការបោះឆ្នោតទទួល បានពាក្យ «គាំទ្រ» នោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្លាស់ប្តូរប្រព័ន្ធរដ្ឋាភិបាលពីសភានិយម ទៅជាប្រធានាធិបតីនិយម នឹងត្រូវធ្វើឡើង ក្នុងនោះគឺអំណាចនាយករដ្ឋមន្ត្រី នឹងត្រូវរំសាយចោល ដើម្បីប្រគល់អំណាចផ្តាច់មុខទៅដល់ប្រធានាធិបតីតួកគី លោក រ៉ាសិប តាយយីព អឺដូហ្គាន់ កាន់កាប់យ៉ាងសប្បាយ រីករាយតែម្តង។
គួរបញ្ជាក់ថា នៅមុនការបោះឆ្នោតធ្វើឡើងនៅថ្ងៃនេះ ប្រធានាធិបតីបច្ចុប្បន្នលោក អឺដូហ្គាន់ បានអំពាវនាវ និងបញ្ចុះបញ្ចូលប្រជាជនឲ្យឆ្លើយ «យល់ព្រម ឬ Yes» ដើម្បីឲ្យប្រទេសតួកគី អាចបង្កើតរបៀបដឹកនាំរដ្ឋាភិបាលផ្ទាល់ខ្លួនមួយ នោះគឺការប្រគល់អំណាចសម្រេចចិត្តដ៏ពេញលេញដល់ប្រធានាធិបតី ដើម្បីរក្សាឲ្យបាននូវស្ថិរភាពជាតិ និងអំណាចរដ្ឋាភិបាលដ៏មាំមួន។
ការបោះឆ្នោតបានប្រព្រឹត្តទៅនៅវេលាម៉ោង៧៖០០នាទីព្រឹក និងត្រូវបានបិទបញ្ចប់នៅវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃអាទិត្យនេះ ម៉ោងនៅអ៊ីស្តង់ប៊ុល។ ប្រជាជនដែលមានសិទ្ធិចូលរួមបោះឆ្នោត មាន ៥៥លាននាក់ ក្នុងចំណោមប្រជាជនសរុបរបស់តួកគីជាង ៨០លាននាក់៕