លទ្ធផលបោះឆ្នោតប្រជាមតិនៅតួកគី ចេញបណ្តើរៗហើយ ដោយប្រធានាធិបតីតួកគី កំពុងត្រេតអរនឹងចំនួនពាក្យ «គាំទ្រ» នាំមុខរហូតដល់៥៧,៥%
16-04-2017 22:28
(អ៊ីស្តង់ប៊ុល)៖ ភាពវិជ្ជមានកាន់តែច្រើនឡើង បានទៅលើប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ហើយដោយសំឡេងឆ្នោត «គាំទ្រ ឬ Yes» បាននាំមុខនៅក្នុងលទ្ធផល សម្រាប់ការរាប់សំឡេងឆ្នោតនៅទូទាំងប្រទេសរហូតដល់ ៥៧,៥% ។ នេះបើតាមការដកស្រង់ពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ នាយប់ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។
ប្រជាពលរដ្ឋតួកគីទាំងអស់ បានចាប់ផ្តើមទៅធ្វើការបោះឆ្នោតប្រជាមតិ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីកំណត់ជោគវាសនាប្រទេសរបស់ពួកគេ តាមរយៈការគាំទ្រ ឬមិនគាំទ្រ ចំពោះកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលនឹងផ្តល់អំណាចពេញដៃដល់ប្រធានាធិបតីនោះ។
ប្រសិនជាការបោះឆ្នោតទទួលបានពាក្យ «គាំទ្រ» នោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្លាស់ប្តូរប្រព័ន្ធរដ្ឋាភិបាលពីសភានិយម ទៅជាប្រធានាធិបតីនិយម នឹងត្រូវធ្វើឡើង ក្នុងនោះគឺអំណាចនាយករដ្ឋមន្ត្រី នឹងត្រូវរំសាយចោល ដើម្បីប្រគល់អំណាចផ្តាច់មុខទៅដល់ប្រធានាធិបតីតួកគី លោក រ៉ាសិប តាយយីព អឺដូហ្គាន់ កាន់កាប់យ៉ាងសប្បាយ រីករាយតែម្តង។
គួរបញ្ជាក់ថា នៅមុនការបោះឆ្នោតធ្វើឡើងនៅថ្ងៃនេះ ប្រធានាធិបតីបច្ចុប្បន្នលោក អឺដូហ្គាន់ បានអំពាវនាវ និងបញ្ចុះបញ្ចូលប្រជាជនឲ្យឆ្លើយ «យល់ព្រម ឬ Yes» ដើម្បីឲ្យប្រទេសតួកគី អាចបង្កើតរបៀបដឹកនាំរដ្ឋាភិបាលផ្ទាល់ខ្លួនមួយ នោះគឺការប្រគល់អំណាចសម្រេចចិត្តដ៏ពេញលេញដល់ប្រធានាធិបតី ដើម្បីរក្សាឲ្យបាននូវស្ថិរភាពជាតិ និងអំណាចរដ្ឋាភិបាលដ៏មាំមួន។
ការបោះឆ្នោតបានប្រព្រឹត្តទៅនៅវេលាម៉ោង៧៖០០នាទីព្រឹក និងត្រូវបានបិទបញ្ចប់នៅវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃអាទិត្យនេះ ម៉ោងនៅអ៊ីស្តង់ប៊ុល។ ប្រជាជនដែលមានសិទ្ធិចូលរួមបោះឆ្នោត មាន ៥៥លាននាក់ ក្នុងចំណោមប្រជាជនសរុបរបស់តួកគីជាង ៨០លាននាក់៕