(សេអ៊ូល)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ការបាញ់មីស៊ីលបរាជ័យរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃអាទិត្យនេះ គឺជាការបង្កហេតុសុទ្ធសាធ ហើយវាពិតជានឹងបង្កគ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នាយប់ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។
ក្រៅពីការលើកឡើងរបស់លោក Pence ខាងលើនេះ ខាងសេតវិមានអាមេរិកក៏បានប្រកាសដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានត្រៀមកញ្ចប់នៃជម្រើសរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហាកូរ៉េខាងជើងនេះមានទាំងយោធា ការទូត និងជម្រើសផ្សេងៗទៀត ដែលរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។
លោក Pence បានលើកឡើងអំឡុងពេលលោកកំពុងមានវត្តមាននៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ការបង្កហេតុនៅព្រឹកនេះដោយកូរ៉េខាងជើង គឺជាការក្រើនរំលឹកចុងក្រោយ នៃហានិភ័យ ដែលអ្នកប្រឈមមុខជារៀងរាល់ថ្ងៃ នៅក្នុងការការពារសេរីភាពនៃប្រជាជនរបស់កូរ៉េខាងត្បូង និងកិច្ចការពារចំពោះអាមេរិក នៅក្នុងផ្នែកមួយនៃសកលលោក»។
ការថ្លែងរបស់លោក Pence បានធ្វើឡើងនៅក្នុងមូលដ្ឋានយោធា Yongsan នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចចាប់ដំបូងនៃទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកនៅអាស៊ី។ លោក Pence បានពាំនាំពាក្យលោក ត្រាំ មកប្រាប់កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង យ៉ាងដូច្នេះថា «យើងពិតជាមានមោទនភាពណាស់ ចំពោះអ្នក ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មរបស់អ្នក»។
គួរបញ្ជាក់ថា ការធ្វើទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក មកកាន់កូរ៉េខាងត្បូងថ្ងៃអាទិត្យនេះ បានកើតតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីល ប៉ុន្តែបរាជ័យ ដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយមួយថ្ងៃនៃការ ធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕