(វ៉ាស៊ីនតោន)៖ លោក ម៉ៃក៍ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិក ដែលលោក ដូណាល់ ត្រាំ ទុកចិត្តបំផុត កំពុងស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់ អាស៊ីរយៈពេល ១០ថ្ងៃ នៅពេលនេះលោកបានចាប់ផ្តើមទស្សនកិច្ចនៅកូរ៉េខាងត្បូងមុនគេ (បានទៅដល់ហើយ) ដែលវាស្របពេលដែលស្ថានការណ៍ក្នុងតំបន់ឧបទ្វីបកូរ៉េកំពុងតែតានតឹងខ្លាំងបំផុត ក្រោយព្យុហយាត្រាយោធាកំញើញពិភពលោក និងការបាញ់មីស៊ីលដ៏បរាជ័យមួយគ្រាប់របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ AP នារសៀលថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។
ខាងក្រោមនេះជារឿងគួរយល់ដឹង ៥យ៉ាង ពីលោក ម៉ៃក៍ ផេន ឬក៏អ្នកខ្លះហៅថា ដូណាល់ ត្រាំ ទីពីរ៖
១៖ គ្រប់គ្នាដឹងហើយថា លោក ដូណាល់ ត្រាំ តែងតែនិយាយអ្វីដោយគ្មាននរណាស្មានដឹងមុន ឬអាចថាជាមនុស្សនិយាយត្រង់ ដូច្នេះលោក ផេន តែងតែរៀបចំអ្វីដែលលោក ត្រាំ ត្រូវនិយាយឲ្យរួចជាស្រេច ខ្លីៗ និងច្បាស់លាស់ ដើម្បីកុំឲ្យមានការនិយាយចាកប្រធានបទ។ បញ្ហាជាច្រើនដែលបានកើតឡើង ដូចជាការបំពេញទស្សនកិច្ចដើម្បីរក្សាជំហរគាំទ្រ NATO និងការបញ្ឈប់លោក Flynn ទីប្រឹក្សាសន្តិសុខជាតិពីតំណែង ដោយសារតែការលួចទាក់ទងនឹងមន្ត្រីរុស្ស៊ីនោះ ត្រូវបានលោក ផេន ដោះស្រាយ និងសម្រួលបញ្ហាបានមកវិញ ដោយការថ្លែងគាំទ្រសេចក្តីសម្រេចរបស់លោក ត្រាំ។
២៖ លោក ផេន មានឬសគល់មកពីរដ្ឋ Indiana ដែលលោកជាអតីតអភិបាលរដ្ឋនេះ និងជាសមាជិកសភាផងដែរ។ លោកបានបង្កើតស្នាដៃលេចធ្លោ មួយចំនួនកាលពីរដ្ឋបាល លោក ចច ដាប់ប៊ែលយូ ប៊ូស និងលោក បារ៉ាក់ អូបាម៉ា ដូចជាការដោះស្រាយការប្រឆាំងការរំលូតកូន និងការកាត់បន្ថយការចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ។ លោក បានដោះស្រាយបញ្ហាជាច្រើននៅក្នុងរដ្ឋ Indiana ជាពិសេសគឺការរើសអើងប្រឆាំងនឹង មនុស្សស្រឡាញ់ភេទដូចគ្នាក្នុងសង្គមជាដើម។
៣៖ សម្រាប់គ្រួសារ និងរឿងរ៉ាវផ្ទាល់ខ្លួនវិញ លោក ផេន គឺជាអ្នកដើរតាមគ្រឹស្តសាសនា ហើយមានភរិយាមួយរូបឈ្មោះលោកស្រី Karen ជាអតីតគ្រូបង្រៀននៅបឋមសិក្សា ដែលបានរៀបការកាលពីឆ្នាំ១៩៨៥ ហើយមានបុត្រចំនួន ០៣នាក់។ កូនប្រុសម្នាក់របសលោក ផេន កំពុងបម្រើការងារនៅក្នុងជួរកងទ័ពជើងអាមេរិក និងកូនស្រីទាំងពីររបស់លោកដែលម្នាក់ទើបរៀនចំផ្នែកផលិតភាពយន្ត កំពុងតែរួមដំណើរជាមួយលោក និងភរិយាមកកាន់តំបន់អាស៊ី។
៤៖ សម្រាប់ប្រវត្តិនៃទំនាក់ទំនងលោក ផេន និងតំបន់អាស៊ីវិញ គឺត្រូវវិលទៅរកជាង ៦០ឆ្នាំមុន ដែលឪពុករបស់លោកឈ្មោះ Edward បានបម្រើតួនាទីជានាយទាហានអាមេរិកក្នុងសម័យសង្គ្រាមកូរ៉េ ហើយក៏បានទទួលមេដាយថ្នាក់ Bronze Star នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៥៣ ដែលមានរយៈពេល ៦៤ឆ្នាំគត់ បើគិតមកដល់ពេលលោក ផេន ធ្វើដំណើរមកដល់កូរ៉េខាងត្បូងនេះ។
៥៖ ជាចុងក្រោយគឺផ្នែកកម្សាន្ត និងសិល្ប ដោយលោក ផេន ក៏ធ្លាប់ធ្វើជាពិធីករឆ្លើយឆ្លងក្នុងវិទ្យុ និងទូរទស្សន៍ផងដែរនៅក្នុងរដ្ឋ Indiana នាអំឡុងទសវត្សរ៍ ១៩៩០។ កម្មវិធីផ្សាយរបស់លោក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ដោយសារភាពទាក់ទាញ និងទទួលបានការពេញនិយមខ្លាំងនាសម័យកាលនោះ។ វាមានទាំងកម្មវិធីកម្សាន្ត សិល្បដើម្បីសុខភាព និងកម្មវិធីជួយលើកទឹកមនុស្សឲ្យស្តារក្តីសង្ឃឹមឡើងវិញជាដើម។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ផេន នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលី៕