(សេអ៊ូល)៖ ទីបំផុតអនុប្រធានាធិបតីអាមេរិក ដែលជាមនុស្សលោក ដូណាល់ ត្រាំ ទុកចិត្តបំផុតបានមកដល់ប្រទេសកូរ៉េខាងត្បូងហើយ ដែលវាបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលថ្មី នៅវេលាម៉ោង ៥៖២១នាទីព្រឹកថ្ងៃអាទិត្យនេះ ប៉ុន្តែនៅមិនទាន់មាននរណាដឹងថា ជាប្រភេទអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។
លោក ម៉ៃក៍ ផេន ត្រូវបានគេរំពឹងទុកថា នឹងពាំនាំនូវពាក្យសម្តី ក៏ដូចជាចំណាត់ការរបស់លោក ត្រាំ ឆ្លើយតបនឹងភាពគគ្លើនរបស់កូរ៉េខាងជើង ប៉ុន្តែមកទល់ពេលនេះ មិនទាន់មាននរណាដឹងថា អាមេរិកនឹងចាត់ការកូរ៉េខាងជើងបែបណានោះឡើយ។
ការធ្វើតេស្តគ្រាប់មីស៊ីលនៅម៉ោង ៥៖២១នាទីព្រឹកថ្ងៃទី១៦ខែមេសា មួយថ្ងៃបន្ទាប់ពីការប្រារព្ធទិវាព្រះអាទិត្យ ឬខួបទី១០៥ឆ្នាំនៃថ្ងៃកំណើតរបស់បិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នេះដែរ ត្រូវបានអន្តរជាតិមើលឃើញថា កូរ៉េខាងជើងមិនត្រឹមតែមិនខ្លាចការព្រមានរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏មិនទុកមុខមាត់ឲ្យចិន ដែលជាបងធំដែលកន្លងតែងតែការពារខ្លួនលើឆាកអន្តរជាតិនោះ បន្តិចសោះឡើយ។
គួរបញ្ជាក់ថា លោក ផេន អនុប្រធានាធិបតី កំពុងស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់អាស៊ីរយៈពេល ១០ថ្ងៃ ក្នុងនោះលោកមកកាន់កូរ៉េខាងត្បូងមុនគេ ដែលវាស្របពេលដែលស្ថានការណ៍ក្នុងតំបន់ឧបទ្វីបកូរ៉េកំពុងតែតានតឹងខ្លាំងបំផុត។ ដោយឡែកកងនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ ក៏នឹងទៅដល់តំបន់នោះក្នុងពេលឆាប់ៗផងដែរ៕