(អ៊ីរ៉ង់)៖ មនុស្សចំនួន ៤១នាក់បានស្លាប់ និង២២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់ បង្កជាការបាក់ដីនៅភាគឦសានប្រទេសអ៊ីរ៉ង់ ដែលគ្រោះធម្មជាតិនេះគឺជាឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបដែលធ្វើដំណើរគ្របសង្កត់មកលើបណ្តាខេត្តភាគឦសាន តាំងពីព្រឹកថ្ងៃសុក្រមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នារសៀលថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។
បណ្តាខេត្តដែលរងគ្រោះខ្លាំងជាងគេរបស់អ៊ីរ៉ង់មានដូចជា Kordestan, Zanjan, East Azerbaijan និង West Azerbaijan ខណៈដែលក្រុមសង្គ្រោះអ៊ីរ៉ង់មកដល់ថ្ងៃអាទិត្យនេះ នៅតែបន្តប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនយ៉ាងសស្រាក់សស្រាំបំផុត។ មនុស្សចំនួន ១,១០០នាក់មកពីក្រុង និងភូមិចំនួន ៣៣ បានទទួលជំនួយសប្បុរសធម៌ជាបណ្តើរៗហើយ និងមនុស្សជាង ១៣០នាក់ត្រូវបានបញ្ជូនទៅជ្រកកោណក្រោមជម្រកបណ្តោះអាសន្នដែលរៀបចំដោយអាជ្ញាធរមនុស្សធម៌អ៊ីរ៉ង់៕