(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ផេន កំពុងតែធ្វើដំណើរទៅកាន់ប្រទេស​កូរ៉េខាងត្បូងហើយ ក្រោយពីការធ្វើតេស្តមីស៊ីលកូរ៉េខាងជើងសាជាថ្មី ដោយផ្គើននឹងការព្រមានរបស់​អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ហើយខណៈពេលនេះគេនៅមិនទាន់ឃើញមានប្រតិកម្ម​ណាមួយ​ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ នោះដែរ។ នេះបើតាមការដកស្រង់ពី Channel News Asia នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។

ការធ្វើតេស្តគ្រាប់មីស៊ីលនៅម៉ោង ៥៖២១នាទីព្រឹកថ្ងៃទី១៦ខែមេសា មួយថ្ងៃបន្ទាប់ពីការប្រារព្ធទិវាព្រះអាទិត្យ ឬខួបទី១០៥ឆ្នាំនៃថ្ងៃកំណើត​របស់បិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នេះដែរ ត្រូវបានអន្តរជាតិមើលឃើញថា កូរ៉េខាងជើងមិនត្រឹមតែមិនខ្លាចការព្រមានរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏មិនទុក​មុខមាត់ឲ្យចិន ដែលជាបងធំដែលកន្លងតែងតែការពារខ្លួនលើឆាកអន្តរជាតិនោះ បន្តិចសោះឡើយ។

គួរបញ្ជាក់ថា លោក ផេន អនុប្រធានាធិបតី កំពុងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ីរយៈពេល ១០ថ្ងៃ ក្នុងនោះលោកនឹងទៅកូរ៉េខាងត្បូងមុនគេ ដែលវាស្របពេលដែលស្ថានការណ៍ក្នុងតំបន់ឧបទ្វីប​កូរ៉េកំពុងតែតានតឹងខ្លាំងបំផុត។ ដោយឡែកកងនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ ក៏នឹងទៅដល់តំបន់នោះក្នុងពេលឆាប់ៗផងដែរ៕